ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការផ្ទេរឥណទានថវិកានៅក្នុងខែកញ្ញា ហើយបានបញ្ចេញនូវថវិកាដែលមិនបានគ្រោងទុកសម្រាប់ការចំណាយលើការផ្គត់ផ្គង់អាហារសម្រាប់អ្នកជាប់ពន្ធនាគារ ការជួសជុលឧទ្ធម្ភាគចក្រ ការជ្រើសរើសពលទាហាន និងកិច្ចប្រជុំនៅក្រសួងយុត្តិធម៌។
ឯកសារទាំង៤នេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ហើយត្រូវបានចេញផ្សាយជាសាធារណៈនៅក្នុងខែឧសភា ឆ្នាំ២០២៣ ដែលបង្ហាញពីការបែងចែកការចំណាយដែលមិនបានគ្រោងទុកដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្តីការគណៈរដ្ឋមន្ត្រី។
បើតាមឯកសារនោះ ក្រសួងយុត្តិធម៌ បានទទួលថវិកាចំនួន ២៩ ៨០០ដុល្លារ សម្រាប់កិច្ចប្រជុំនៃគណៈកម្មាធិការមួយដើម្បីផ្តល់ជំនួយផ្នែកច្បាប់។ ក្រសួងយុត្តិធម៌ គឺជាអ្នកផ្តល់មូលនិធិចម្បងសម្រាប់នាយកដ្ឋានជំនួយផ្នែកច្បាប់របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កើតមូលនិធិជំនួយផ្នែកច្បាប់មួយ ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់ស្ត្រីដែលងាយរងគ្រោះ ជាពិសេសក្នុងវិស័យកាត់ដេរ ដែលជាប់គាំងក្នុងជម្លោះផ្លូវច្បាប់។ លោកក៏បានបញ្ជាក់ដាច់ដោយឡែកពីគ្នាផងដែរថា ក្រុមច្បាប់នេះ ក៏នឹងជួយដល់អ្នកកាសែតដែលមាន «ក្រមសីលធម៌» ផងដែរ។ មូលនិធិជំនួយផ្នែកច្បាប់នេះ គ្រប់គ្រងដោយលោក គី តិច មេធាវីរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ដឹកនាំក្រុមអ្នកច្បាប់ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ និងការកាត់ទោសលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងមួយនេះ។
នៅក្នុងឯកសារចំនួន ៣ផ្សេងទៀត សម្រាប់ការចំណាយដែលមិនបានគ្រោងទុក ក្នុងនោះរួមមានក្រសួងការពារជាតិ ត្រូវបានផ្តល់ថវិកាចំនួន ២,៩លានដុល្លារ ដើម្បីជ្រើសរើសពលទាហានចំនួន ១ ៤៩៥នាក់ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានផ្តល់ថវិកាចំនួន ៣៥៨ ៤០០ដុល្លារសម្រាប់ការជួសជុល និងថែទាំឧទ្ធម្ភាគចក្ររបស់ក្រសួងការពារជាតិ និងថវិកាចំនួន ៤៦៦ ៤០០ដុល្លារ ត្រូវបានបែងចែកទៅឱ្យក្រសួងមហាផ្ទៃ សម្រាប់ផ្គត់ផ្គង់អាហារនៅក្នុងពន្ធនាគារ។
អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកលីកាដូ បានរាយការណ៍ពីអំពើពុករលួយយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធពន្ធនាគារក្នុងឆ្នាំ២០១៥ ដោយក្នុងនោះមានការរាយការណ៍ថា អ្នកទោសត្រូវបានតម្រូវឱ្យបង់ប្រាក់សម្រាប់ការទទួលបានតម្រូវការជាមូលដ្ឋាននានា ដូចជា អាហារ ទឹក ការចេញក្រៅដើម្បីទទួលបានពន្លឺថ្ងៃ និងស្រូបខ្យល់អាកាសបរិសុទ្ធជាដើម៕