អ្នកនយោបាយចំនួន ១២រូប មកពីគណបក្សនយោបាយតូចៗមួយចំនួន បានចូលរួមក្នុងជួររដ្ឋាភិបាលក្នុងតំណែងជាទីប្រឹក្សា។
ក្នុងចំណោមអ្នកទាំង ១២នាក់ ក្នុងនោះមាន ៩នាក់ មកពីគណបក្សខ្មែរស្រឡាញ់ជាតិ ដែលបង្កើតឡើងដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងណា គណបក្សនេះ ត្រូវបានទុកចោលដោយគ្មានសកម្មភាពអ្វី ពោលគឺបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ចំនួន ៦រូប ដែលស្ថិតនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ បានលាលែងចេញពីតំណែងក្នុងឆ្នាំ២០២២ ដោយពួកគេបានសម្រេចចូលរួមជាមួយរដ្ឋាភិបាលក្នុងតួនាទីជាទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបើយោងតាមឯកសារមួយនៅក្នុងសៀវភៅរាជកិច្ច ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
ដោយគ្មានកូរ៉ុម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍មួយរូបដែលនៅសេសសល់ មិនអាចបើកកិច្ចប្រជុំណាមួយ ដើម្បីរៀបចំសមាសភាពថ្នាក់ដឹកនាំគណបក្សឡើងវិញបានឡើយ ដោយទុកឱ្យបក្សមួយនេះស្ថិតក្នុងស្ថានភាពព្យួរចោល។
យោងតាមព្រះរាជក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ហើយត្រូវបានចេញផ្សាយជាសាធារណៈក្នុងខែឧសភាឆ្នាំ២០២៣នេះ បង្ហាញថា សមាជិក ៩ រូប នៃគណបក្សមួយនេះ ក៏ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលផងដែរ ដែលក្នុងនោះមានឈ្មោះ ជីវ កត្តា, តាន់ ទីន, ខឺយ ស៊ីនឿន, គង់ គឹមហាក់, កង ម៉ារ៉ាឌី, សុខ សុធា, សុខ វិបុល, អាន ភារ៉ា និង គីន គុណ។
គួរបញ្ជាក់ថា លោក កែម រិទ្ធិសិត គឺជាប្អូនបង្កើតលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១៦។ លោក កែម រិទ្ធិសិត បានបង្កើតគណបក្សខ្មែររួបរួមជាតិឡើងជាមួយនឹងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក គុជ លី ដែលដំបូងឡើយចង់ដាក់ឈ្មោះគណបក្សនេះថា គណបក្ស កែម ឡី ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃបដិសេធ៕
ព្រះរាជក្រឹត្យមួយផ្សេងទៀត ដែលចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បង្ហាញថា សមាជិក ៣រូបរបស់គណបក្សខ្មែររួបរួមជាតិ ក៏បានចូលរួមក្នុងជួយររដ្ឋាភិបាល ក្នុងតំណែងជាទីប្រឹក្សាផងដែរ ដែលក្នុងនោះរួមមាន ឈ្មោះ កែម រិទ្ធិសិត, ឃី ម៉េងលីន និងលី ប៊ុនណារ៉ា។