ប្រជាពលរដ្ឋជាង ១៥០គ្រួសារ រស់នៅជាប់បឹងតាមោក ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាននាំគ្នាតវ៉ា នៅដើមខែនេះ និងបានអះអាងថា ពួកគេប្រឈមការវាយដំ ខណៈអាជ្ញាធរបានរុះរើស្ពានមួយដែលពលរដ្ឋប្រើប្រាស់សម្រាប់ចូលទៅតំបន់នេសាទ និងរកខ្យង។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ (RFA Khmer) នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ រស់នៅជាប់មាត់បឹងតាមោក បានសាងសង់ស្ពានឫស្សីប្រវែង ៨០ម៉ែត្រ សម្រាប់ងាយស្រួលឆ្លងទៅនេសាទ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនបានធ្វើរបងហ៊ុំព័ទ្ធនៅតំបន់នោះ ដែលធ្វើឱ្យមានការលំបាកក្នុងការចូលទៅកាន់តំបន់នេសាទ។
ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក បានលើកឡើង(ប្រាប់សារព័ត៌មានវិទ្យុអាស៊ីសេរី)ថា អាជ្ញាធរបានធ្វើជាតំណាងក្រុមហ៊ុនឯកជន ចុះទៅវាយកម្ទេចស្ពាន និងរារាំងប្រជាពលរដ្ឋដែលចូលទៅអន្តរាគមន៏ពលរដ្ឋម្នាក់ឈ្មោះ សឿន ស្រីសុត ដែលត្រូវបានសមត្ថកិច្ចប្រើហិង្សាលើរូបនាងត្រូវដៃនិងជើង។ ប្រភពដដែលឱ្យដឹងថា ស្រ្តីសរុបចំនួន ១០នាក់ បានរងរបួស ក្នុងហេតុការណ៍រុញដោយហិង្សានោះ។
ការតវ៉ានេះ គឺជាការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលនៅសេសសល់ ហើយបានរស់នៅលើបឹងអស់ជាច្រើនទសវត្សរ៍មកហើយ។ ពលរដ្ឋទាំងនោះបានបដិសេធមិនព្រមចុះចាញ់នឹងការជម្លៀសដែលជិតមកដល់ បើទោះបីជាគ្រួសាររាប់រយផ្សេងទៀត ត្រូវបានបង្ខំឱ្យចេញពីផ្ទះក៏ដោយ។
បឹងតាមោក ដែលគេស្គាល់ថាជាបឹងចុងក្រោយនៅរាជធានីភ្នំពេញ ខណៈតំបន់ផ្សេងទៀត ត្រូវបានចាក់លុប ឬពេញទៅដោយការអភិវឌ្ឍនោះ ត្រូវបានចាក់ដីលុបកាន់តែខ្លាំងឡើងសម្រាប់កម្មសិទ្ធិឯកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងសម្បទានផ្តល់អំណោយផលដល់ពាណិជ្ជករដែលមានទំនាក់ទំនងល្អ និងរដ្ឋាភិបាល ។
ប្រជាពលរដ្ឋចំនួន៩នាក់ រួមទាំងអ្នកស្រី ស្រីសុត ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការកាលពីដើមឆ្នាំនេះ ហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទ “អំពើហិង្សាដោយចេតនា និងការរារាំងមន្ត្រីសាធារណៈ” ដែលក្រុមអ្នកតស៊ូមតិ និយាយថា ការចោទប្រកាន់នេះ មានហេតុផលនយោបាយដើម្បីលុបបំបាត់ការតវ៉ា។