អ្នកឧកញ៉ា ហេង សិទ្ធី ដែលរងបណ្តឹងចោទប្រកាន់ពីបទបរិហារិកេរ្តិ៍និងគំរាមកំហែងទារប្រាក់ចំនួន២លានដុល្លារ ពីជនជាតិសិង្ហបុរីម្នាក់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់គោរមងារ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានត្រាស់បង្គាប់បញ្ចប់គោរមងារ “អ្នកឧកញ៉ា” ពីអ្នកឧកញ៉ា ហេង សិទ្ធី។
ការបញ្ចប់គោរមងារអ្នកឧកញ៉ានេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Phua Gek Seng បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចោទប្រកាន់អ្នកឧកញ៉ា ហេង សិទ្ធី ពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ចំនួន ២លានដុល្លារ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក NOKORWAT NEWS DAILY ។
ពាក្យបណ្តឹងនេះបានបញ្ជាក់ថា ការគំរាមទារប្រាក់នេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្តែជនរងគ្រោះបដិសេធមិនព្រមប្រគល់ប្រាក់ទៅតាមការទាមទារនេះទេ ហើយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ហេង សិទ្ធី បានបង្ហោះរូបថតរបស់ជនជាតិសិង្ហបុរីរូបនេះតាមបណ្តាញសង្គម ហ្វេសប៊ុក និង Tik Tok ដោយចោទប្រកាន់ថា រកស៊ីបើកហ្គេមអនឡាញខុសច្បាប់។
លោក ហេង សិទ្ធី គឺជានាយកក្រុមហ៊ុន ម៉ារីថាម ឌីវេឡុបម៉ិន គ្រុប ឯ.ក ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥។
កន្លងមក ក៏មានឧកញ៉ា មួយចំនួនត្រូវបានបញ្ចប់គោរមងារផងដែរ បន្ទាប់ពីរងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់លានដុល្លារពីប្រជាពលរដ្ឋតាមរយៈគម្រោងវិនិយោគចំនួន៕