ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួនបីរូបឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះមហាក្សត្របានត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួនបីរូបឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នាយនគរបាលទាំងបីរូបនោះ មានឧត្តមសេនីយ៍ទោ ជា យោធិន ឧត្តមសេនីយ៍ទោ ឈន ប៉ូលី និងឧត្តមសេនីយ៍ត្រី វេទ អារុណ។ ទោះបីជាយ៉ាងណា ព្រះរាជក្រឹត្យនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការបន្ថយឋានន្តរស័ក្តិនេះទេ។
រហូតមកដល់ពេលនេះ នៃឆ្នាំ២០២៤នេះ មន្ត្រីយោធានិងមន្ត្រីនគរបាល ត្រូវបានបន្ថយឋានន្តរស័ក្តិ ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ ដោយសារល្មើសវិន័យកងកម្លាំង៕