លោក​ ប្រាក់​ សុ​ខុន​ គ្រោង​​វិល​​មក​​កាន់​តំណែង​ជា​​​​​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ការបរទេស​ឡើងវិញ​

រដ្ឋសភា​ ​នឹង​​​បើក​​សម័យ​​​ប្រជុំ​​ ដើម្បី​​​បោះ​​ឆ្នោត​​ផ្តល់​​សេចក្តី​​ទុក​​ចិត្ត​​លើ​​ការ​​កែសម្រួល​​សមាសភាព​​រាជរដ្ឋាភិបាល​​ចំនួ​​ន​​២​​រូប​ នៅ​​ថ្ងៃ​ព្រឹក​ថ្ងៃទី២០ខែវិច្ឆិកា​​នេះ​​​ ដែល​​​ក្នុង​នោះ​ លោក​ ប្រាក់​ សុ​ខុន​ ​គ្រោង​​វិល​​មក​​​កាន់​តំណែង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ការបរទេស​​ជំនួស​លោក​ សុខ​ ចិន្តា​សោ​​ភា​ វិញ​​​។​​​

យោង​តាម​​សេចក្តី​​ជូន​​ដំណឹង​​របស់​​អគ្គលេខាធិការ​​ដ្ឋាន​រដ្ឋសភា​ ​ចុះ​ថ្ងៃទី​​១៩​ ខែ​​វិច្ឆិកា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​​ថា​ រដ្ឋ​​សភា​នឹង​​បន្ត​​សម័យ​​ប្រជុំ​​​លើក​​ទី​​៣​​ នីតិកាល​​ទី​​៧​ ដើម្បី​​បោះ​​ឆ្នោត​​ផ្តល់​​សេចក្តី​​ទុកចិត្ត​​លើ​​ការ​​កែសម្រួល​​ និង​​​តែងតាំង​​បំពេញ​​បន្ថែម​​សមាសភាព​​រាជរដ្ឋាភិបាល​​ចំនួន​​២​​រូប​ ដែល​​ក្នុង​នោះ​ អតីត​​រដ្ឋមន្ត្រី​ក្រសួង​​ការបរទេស​ លោក​ ប្រាក់​ សុ​ខុន​​ នឹង​ត្រូវ​​​តែង​​តាំង​​ជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​ និង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ការបរទេស​​ និង​​ស​​ហប្រ​តិប​ត្តិ​​ការ​​អន្តរជាតិ​​ ជំនួស​​លោក​ សុខ​ ចិ​​ន្តា​សោភា​ ដែល​​ត្រូវ​​បាន​​តែង​​តាំង​​ជា​​ឧបនាយក​​រដ្ឋ​​មន្ត្រី​​។​​

លោក​ ប្រាក់​ សុ​ខុន​ ធ្លាប់​​កាន់​តំណែង​​ជា​​រដ្ឋ​​មន្ត្រី​ក្រសួង​​ការបរទេស​​តាំងពី​ឆ្នាំ​​២០​​១៦​​ រហូត​​​ដល់​​ឆ្នាំ​​២០២៣​​ ហើយ​​​លោក​ត្រូវ​​បាន​​ជំនួស​​ដោយ​​លោក​ សុខ​​ ចិន្តា​សោភា​ នៅក្នុង​​អាណត្តិ​រាជរដ្ឋាភិបាល​​ នីតិកាល​​ទី​​៧​​នេះ​។​ បច្ចុប្បន្ន​​ លោក​ ប្រាក់​ សុ​ខុន​ ក៏​មាន​​តួនាទី​ជា​​អនុប្រធាន​​ទី​​១​ ព្រឹទ្ធសភា​ និង​​ជា​ឧត្តម​​ប្រឹក្សា​​ផ្ទាល់​​ព្រះមហាក្សត្រ​​ផង​ដែរ​​។​​​

ស្រដៀងគ្នា​​នេះ​ដែរ​ ​កាល​​ពី​ខែ​​សីហា​ មន្ត្រី​ការទូត​​ចំនួន​​១១​​រូប​ ត្រូវ​​បាន​​បញ្ចប់​​ ​និង​​​តែង​​តាំង​មុខតំណែង​ឯកអគ្គ​រាជទូត​​​​​​ នេះ​​បើ​​យោង​​តាម​ព្រះរាជ​ក្រឹត្យ​​ ​ចុះ​​ថ្ងៃទី​​០៨​ ខែ​​សីហា​ ឆ្នាំ​​២០២៤​​ ដូចគ្នា​ ដែល​​ត្រូវ​​បាន​​ចេញផ្សាយ​​នៅក្នុង​​សៀវ​​ភៅ​រាជកិច្ច​​លេខ​​៧១​​ ត្រីមាស​​ទី​​៣​ ​ដោយ​​ទី​ស្តី​ការ​គណៈរដ្ឋ​​មន្ត្រី​​កាលពី​​ថ្ងៃទី​​៨​ ខែវិច្ឆិកា​ ឆ្នាំ​​២០២៤​​។​

ឯកសារ​ដដែល​នេះ​បញ្ជាក់​ថា​​ ក្នុងចំណោម​​មន្ត្រី​ការទូត​​ទាំង១១​​រូប​​នោះ​ មាន​លោក​ កុយ​ គួង​ ត្រូវ​​បាន​​បញ្ចប់​​មុខតំណែង​ជា​​ឯកអគ្គ​រាជទូត​​​ ខណៈ​​​លោកស្រី​ រត្ន​​ ម៉ា​នី​ អនុរដ្ឋ​​លេខាធិការ​​ នៃ​ក្រសួង​​ការបរទេស​ ត្រូវ​​បាន​​តែង​​តាំង​ជំនួស​​​លោក​លោក​ កុយ​ គួង​ ជា​​ឯកអគ្គ​រាជទូត​​ប្រចាំ​​ប្រទេស​​ឥណ្ឌា​​ បង់​ក្លា​ដែស​​ ស្រីលង្កា​​​ ​អ៊ីរ៉ង់​ នេប៉ាល់​​និង​​ម៉ាល់ឌីវ​។​ 

លោក​​ កុយ​ គួង​ ក៏​ត្រូវ​​បាន​​តែង​​តាំង​​ជា​​ឯកអគ្គ​រាជទូត​​ប្រចាំ​​​សហរដ្ឋ​​អាមេរិក​​ និង​​ប្រចាំ​​រដ្ឋ​​ម៉ិ​ក​ស៊ីក​កូ​​ជំនួស​​លោក​ កែវ​ ឈា​ ដែល​​ត្រូវ​​បាន​​បញ្ចប់​​មុខតំណែង​​ និង​​ត្រូវ​​បាន​​តែង​​តាំង​ជា​​តំណាង​​អចិន្ត្រៃយ៍​​ និង​​ជា​​ឯកអគ្គ​​រាជទូត​​ប្រចាំ​​នៅ​​អង្គការ​សហ​ប្រជា​​ជាតិ​​ និង​​ប្រចាំ​​ប្រទេស​​កាណាដា​។​​

លោក​ ជ័យ​ រដ្ឋា​ ជា​​អគ្គនាយក​​រង​ នៃ​អគ្គនាយក​​ដ្ឋាន​​កិច្ចការ​​ច្បាប់​ ​កុងស៊ុល​ និង​​ព្រំដែន​​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ឯក​​អគ្គរាជទូត​​ប្រចាំ​​សាធារណរដ្ឋ​​ប៊ុល​​ហ្គា​រី​ រ៉ូម៉ានី​ ក្រិក​ និង​​សាធារណរដ្ឋ​​ស៊ីប​ ​ជំនួស​​លោក​ ថៃ​ ជុន​។​ លោកស្រី​ គឹ​ម​សួគ៌​ សុវណ្ណារី​ ​អគ្គនាយក​​រង​ នៃ​អគ្គនាយក​​ដ្ឋាន​​អឺរ៉ុប​​ អាមេរិក​​ និង​​អាហ្វ្រិក​-មជ្ឈិម​​បូព៌ា​​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ឯក​​អគ្គរាជទូត​​ប្រចាំ​​ប្រទេស​បែល​​ហ្ស៊ិ​ក​ អូទ្រីស​ ហូ​ឡង់​ លុច​សំ​បួ​ និង​​សហភាព​អឺរ៉ុប​ ជំនួស​​លោក​ នង​ សាកល​​។​​

ចំណែក​​លោក​ ស៊ិន​ សា​រៀម​ អគ្គនាយក​​រង​ នៃ​អគ្គនាយក​​ដ្ឋាន​​អាស៊ាន​​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ឯកអគ្គ​រាជទូត​​ប្រចាំ​​សាធារណរដ្ឋ​​ហ្វីលីពីន​ ជំនួស​​លោក​ ផន​ ពៅ​​។​​ លោក​ ប្រាក់​ ងួន​​ហុង​ រដ្ឋ​​លេខាធិការ​ នៃ​ក្រសួង​​ការបរទេស​​​ និង​​លោក​ ចេង​ ម៉ា​និ​ត​ ​អគ្គនាយក​​ នៃ​អគ្គនាយក​​ដ្ឋាន​​សហប្រតិបត្តិ​ការ​​អន្តរជាតិ​​ នៃ​ក្រសួង​​ការបរទេស​ ត្រូវ​​បាន​​តែងតាំង​​ជា​​ឯកអគ្គ​រាជទូត​​ប្រចាំ​​សាធារណរដ្ឋ​​ប្រេស៊ីល​​ និង​​ប្រចាំ​​សាធារណរដ្ឋ​​សហភាព​​មីយ៉ាន់ម៉ា​​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​