លោក​ មួង​ ឃីម​ ត្រូវ​​បាន​​បញ្ចប់​​មុខតំណែង​​ពីទី​ប្រឹក្សា​​ក្រសួង​​យុត្តិធម៌​​

លោក​ មួង​ ឃីម​ អតីត​​មន្ត្រី​នគរបាល​​ជាន់ខ្ពស់​ នៃ​ក្រសួង​​មហាផ្ទៃ​​​ ត្រូវ​​បាន​​​ព្រះ​​មហាក្សត្រ​​ត្រាស់​បង្គាប់​​បញ្ចប់​​មុខតំណែង​​ពីទី​ប្រឹក្សា​​ក្រសួង​​យុត្តិធម៌​​ បន្ទាប់​​ពី​ត្រូវ​បាន​​តុលាការ​​ចោទប្រកាន់​ ពាក់​​​ព័ន្ធ​នឹង​​សំណុំរឿង​ឆបោក​​​របស់​​លោក​ លី​ សា​ម៉េ​ត​។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​១៦​ ខែវិច្ឆិកា​ ឆ្នាំ​​២០២៤​ ព្រះ​មហា​​ក្សត្រ​​បាន​​ត្រាស់​​បង្គាប់​​បញ្ចប់​មុខ​​តំណែង​​លោក​ មួង​ ឃីម​ ពី​​ទីប្រឹក្សា​​ក្រសួង​​យុត្តិធម៌​​ មាន​​ឋានៈ​​ស្មើ​​ រដ្ឋ​​លេខាធិការ​​។​​ លោក​ មួង​ ឃីម​​ ជា​​អតីត​​មន្ត្រី​នគរបាល​​ផ្កាយ​​៣​ និង​​ជា​​អនុប្រធាន​​នាយក​​ដ្ឋាន​​កណ្តាល​​នគរបាល​​យុត្តិធម៌​​ ត្រូវ​​បាន​​តែងតាំង​​ជា​​ទីប្រឹក្សា​​ក្រសួង​​យុត្តិធម៌​​ មាន​​​ឋានៈ​ស្មើ​ ​រដ្ឋ​​លេខាធិការ​​ តាម​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​១០​ ខែ​​សីហា​ ឆ្នាំ​​២០២៤​​។​​

លោក​ មួង​ ឃីម​ និង​​ឧកញ៉ា​ អ៊ុត​ ធី​ ត្រូវ​បាន​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ឃា​​ត់​​ខ្លួន​​នៅ​ល្ងាច​ថ្ងៃទី​​១០​ ខែ​​វិច្ឆិកា​​ ឆ្នាំ​​២០២៤​​ ក្រោយ​​មាន​​ការ​​បែក​​ធ្លាយ​​ឯកសារ​​ដែល​​​បង្ហាញ​ពី​​ការ​​ជាប់​​ពាក់​​ព័ន្ធ​​នឹង​​ បុគ្គល​ឈ្មោះ​ លី​ សា​ម៉េ​ត​ ហៅ​គ្រូ​មា​ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួ​ន​ជា​បណ្តោះ​​អាសន្ន​​នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) កាលពី​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឈ្មោះ​ ដួង​ តារា​ ដែល​​ត្រូវ​​បាន​​ឃុំ​​ខ្លួន​​នៅ​​ពន្ធនាគារ​ PJ​ កាលពី​​ថ្ងៃទី​​១៤​ ខែ​​តុលា​ ឆ្នាំ​​២០២៤​ និង​​អ្នក​ជាប់ពាក់ព័ន្ធ​​បុគ្គល​​មួយ​រូប​ទៀត​ឈ្មោះ​ ឡាច​ សំរោង​​ កំពុង​រត់គេច​ខ្លួន​ ក្នុង​សំណុំរឿង​​​អំពើ​​ឆបោក​​។​​

កាលពី​ថ្ងៃទី​​១១​ ខែ​​វិច្ឆិកា​ ឆ្នាំ​​២០២៤​​ សាលាដំបូង​​រាជធានី​ភ្នំពេញ​បាន​​​សម្រេច​​ចោទប្រកាន់​​លោក​ មួង​ ឃីម​ និង​​លោក​ ដួង​ តារា​ ពី​បទ​ជំនួញ​ឥទ្ធិពល​​អកម្ម​ តាម​​​បញ្ញត្តិ​​មាត្រា​​ ៥៩៥​ មាត្រា៥៩៦​ នៃ​ក្រម​​ព្រហ្មទណ្ឌ​​ និង​​មាត្រា​​៣២​ នៃ​ច្បាប់​​ស្តី​ពី​​ការ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ និង​​ចោទប្រកាន់​​លោក​ អ៊ុត​ ធី​ ពី​បទ​ជំនួញ​សកម្ម​​ តាម​​បញ្ញត្តិ​មាត្រា​​៦០៦​​ នៃ​ក្រម​​ព្រហ្ម​​ទណ្ឌ​ និង​​មាត្រា​​៣២​​ នៃ​ច្បាប់​​ស្តី​ពី​​ការ​​ប្រ​​ឆាំង​​​អំពើ​​ពុក​​រលួយ​​។​​ 

ខណៈ​លោក​ លី​ សា​ម៉េ​ត​ ត្រូវ​​បាន​​ចោទប្រកាន់​​ពី​​បទ​​សម​​គំនិត​​ក្នុង​​បទ​​ជំនួញ​​ឥទ្ធិ​​ពល​​អកម្ម​​ តាម​​បញ្ញត្តិ​​មាត្រា​​២៩​ មាត្រា​​៥៩៥​ ​មាត្រា​​៥៩៦​ នៃ​​ក្រម​​ព្រហ្មទណ្ឌ​ និង​​មាត្រា​​៣២​ នៃ​ច្បាប់​​ស្តី​ពី​ការ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​។​

គួរ​​កត់សម្គាល់​​ថា​​ កាលពី​​ថ្ងៃទី​​​៧​​ ខែ​​​តុលា​​ អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ លោក​​​ ហ៊ុន​​​ សែន​​ ដែល​​​បច្ចុប្បន្ន​​​ជា​​​ប្រធាន​​​ព្រឹទ្ធ​​​សភា​​​ បាន​​​ទម្លាយ​​​ពី​​ករណី​​​ឆបោក​​​ជាច្រើន​​​ករណី​​​ ដែល​​​ប្រ​​​ព្រឹត្ត​​​​ដោយ​​​បុគ្គល​​ឈ្មោះ​​ លី​​ សា​​ម៉េ​​ត​​ ដែល​​មាន​​ងារ​​ជា​​​ឧកញ៉ា​​​ផង​​នោះ​​ ដោយ​​​​លោក​​​បាន​​​​បង្ហោះ​​​នៅ​​លើ​​​ទំព័រ​​​ហ្វេ​​សប៊ុ​​ក​​​របស់​​​លោក​​ថា​​ លោក​​ លី​​ សា​​ម៉េ​​ត​​ (​ហៅ​​គ្រូ​​មា​​) តែងតែ​​ប្រើ​​ឈ្មោះ​​របស់​​​លោក​​​ដើរ​​​បោក​​​ប្រាស់​​​គេ​​​។​ លោក​ ហ៊ុន​ សែន​ បាន​​បញ្ជាក់​ថា​ នៅ​ឆ្នាំ​​២០២២​ លោក​ លី​ សា​ម៉េ​ត​ បាន​​បោក​យក​​​ប្រាក់​​ពី​​​ឈ្មោះ​ សុខ​ ឡេង​ ចំនួន​ ១០​​លាន​​ដុល្លារ​ ពី​​លោក​ មួង​ ឃីម​ ចំនួន​ ២៣​​ម៉ឺន​​ដុល្លារ​​ និង​ពី​​​លោក​ កន​ សុខកាយ​​ អតីត​​អភិបាល​​ស្រុក​​ល្វាឯម​​ ចំនួន​​៣០​​ម៉ឺន​​ដុល្លារ​​ ដើម្បី​​រត់ការ​​បាន​​តំណែង​​ជា​​អភិបាល​​ក្រុង​​អរិយ​​ក្សត្រ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​