លោក លី ច័ន្ទតុលា អតីតប្រធានគណៈមេធាវី ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី តែប៉ុន្មានថ្ងៃ បន្ទាប់ពីចប់អាណត្តិរបស់លោកជាប្រធានគណៈមេធាវី។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក លី ច័ន្ទតុលា អតីតប្រធានគណៈមេធាវីអាណត្តិទី១៤ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។
លោក លី ច័ន្ទតុលា បានក្លាយជាមេធាវីពេញសិទ្ធិចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩។ លោកធ្លាប់ជាប់ជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី១៣ និងអាណត្តិទី១៤ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។
លោក តុលា ក៏ជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានឋានៈស្មើរដ្ឋមន្ត្រីផងដែរ ហើយនៅឆ្នាំ២០១៩ លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាមេធាវីរដ្ឋាភិបាល។ លោក តុលា គឺជាមេធាវីមួយរូបនៅក្នុងចំណោមមេធាវីបួនរូបតំណាងឱ្យរដ្ឋាភិបាលនៅក្នុងសវនាការជំនុំជម្រះក្តីលើសំណុំរឿងរបស់មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា។
លោក លី ច័ន្ទតុលា បានទទួលសញ្ញាបត្របរិញ្ញាបត្រនីតិឯកជននៅសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំងនៅឆ្នាំ២០០០ នៅប្រទេសបារាំង សញ្ញាបត្រ Maîtrise នៃនីតិឯកជន (Maîtrise de droit privé) នៅសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង នៅឆ្នាំ២០២១ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញ (DEA de Droit des Affaires) នៅសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង៕