លោក ដួង តារា ដែលជាជំនួយការរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ត្រូវបានបញ្ចប់មុខតំណែងពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារពីបទឆបោក។
យោងតាមព្រះរាជក្រឹត្យ នស/រកត/១១២៤/១៤១៤ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី។ ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចបានអនុវត្តដីកានាំខ្លួន លោក ដួង តារា មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ។
លោក ដួង តារា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ពីបទឆបោក តាមមាត្រា៣៧៧និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងខែតុលា។
លោក តារា គឺជាអ្នកបង្កើតទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សែន ហើយក្រោយមកលោកក៏បានក្លាយជាជំនួយការផ្ទាល់ របស់លោក ហ៊ុន សែន។ នៅខែវិច្ឆិកា ឆ្នាំ ២០២០ លោក តារា ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៅទីស្តីការគណៈរដ្ឋមន្ត្រី៕