រាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងលោក លីវ វណ្ណថេង ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯមជំនួសលោក កន សុខកាយ ដែលត្រូវបានបញ្ចប់មុខតំណែង បន្ទាប់ពីបែកធ្លាយព័ត៌មានសូកប៉ាន់ប្រាក់៣០ម៉ឺនដុល្លារ ដើម្បីបានធ្វើជាអភិបាលក្រុងអរិយក្សត្រ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចតែងតាំងលោក លីវ វណ្ណថេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។
លោក លីវ វណ្ណថេង ធ្លាប់បំពេញការងារជាចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ លោក លីវ វណ្ណថេង ត្រូវបានតែងតាំងជាអភិបាលរងស្រុកកៀនស្វាយខេត្តកណ្តាល។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល បន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយពីករណីឆបោកជាច្រើន ដែលប្រព្រឹត្តដោយបុគ្គលឈ្មោះ លី សាម៉េត ដែលក្នុងនោះ លោកក៏បានបញ្ជាក់ផងដែរថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានផ្តល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារទៅលោក លី សាម៉េត ដើម្បីរត់ការឱ្យកាន់តំណែងជាអភិបាលក្រុងអរិយក្សត្រ៕