លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេច​​លុប​​ឈ្មោះ​​មេបញ្ជាការ​​រង​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​​ប៉ៃលិន​​

មេបញ្ជាការ​​រង​​កងរាជអាវុធហត្ថ​ខេត្ត​​ប៉ៃលិន​​ម្នាក់​ ដែល​ធ្លាប់​ជាប់ពាក់ព័ន្ធ​នឹង​​ករណី​​ហិង្សា​​ជាបន្តបន្ទាប់​នោះ​​ ត្រូវ​បាន​លុប​​ឈ្មោះ​​ចេញ​​ពី​​ក្រប​​ខ័ណ្ឌ​​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

យោង​​តាម​​អនុក្រឹត្យ​​លេខ​​១០២២​​ អន​ក្រ​.តត​ ចុះ​ថ្ងៃទី​​១៦​​ ខែ​​តុលា​ ឆ្នាំ​​២០២៤​​បាន​​ឱ្យ​​ដឹង​​ថា​ លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​​ ម៉ា​ណែ​ត​ សម្រេច​​លុប​​ឈ្មោះ​ចំពោះ​​វរសេនីយ៍​​ឯក​ ស​ ប៊ុ​ន​សឿង​ ជា​​មេ​បញ្ជា​កា​រង​​ កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​​ប៉ៃលិន​​ ចេញ​​ពី​ក្រប​​ខ័ណ្ឌ​​ នៃ​​កងយោធពល​​ខេមរភូមិន្ទ​។​​

អនុក្រឹត្យ​​នេះ​​បញ្ជាក់​​ថា​ បទប្បញ្ញត្តិ​ទាំង​​ឡាយ​​ណា​ ដែល​​ផ្ទុយ​​នឹង​​អនុក្រឹត្យ​​នេះ​ ត្រូវ​​ទុក​​ជា​​និរាករណ៍​ ប៉ុន្តែ​​មិន​​បាន​​បញ្ជាក់​​ពី​មូល​​ហេតុ​​នៃ​​​ការ​​លុប​​ឈ្មោះ​​នេះ​ទេ​។​

តាម​​សេចក្តី​រាយការណ៍​​ព័ត៌មាន​​របស់​​បណ្តាញ​​ព័ត៌មាន​​ក្នុង​ស្រុក​ Fresh News ​​បាន​​ឱ្យ​​ដឹង​ថា​ កាល​​ពី​ខែ​​មិថុនា​ ឆ្នាំ​​២០២៤​ នាយ​​ឧត្តមសេនីយ៍​​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស​ បាន​​បញ្ជា​ក្រុម​​អធិការកិច្ច​ចុះ​ ​ស្រាវជ្រាវ​ បន្ទាប់ពី​​ករណី​ជម្លោះ​​រវាង​​​លោក​ ស​ ប៊ុ​ន​សឿង​ ជា​​មេបញ្ជាការ​​រង​​កងរាជអាវុធហត្ថ​​ខេត្ត​​ប៉ៃលិន​​ ​នឹង​​អ្នក​​រត់​តាក់​​ស៊ី​ម្នាក់​​ជុំវិញ​​រឿង​​ប្រាក់​​២ម៉ឺន​​រៀល​ ត្រូវ​បាន​​គេ​បង្ហោះ​ទូទៅ​លើ​​បណ្តាញ​សង្គម​​។​​

កាល​​ពី​​ខែ​​មករា​ ឆ្នាំ​​២០២១​ លោក​ ស​ ប៊ុ​ន​សឿង​ ដែល​​កាលនោះ​ ​ជា​​​មេបញ្ជាការ​​រង​​កងរាជអាវុធហត្ថ​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​ ​ធ្លាប់​​ត្រូវ​​បាន​តុលាការខេត្ត​​បាត់ដំបង​​​ផ្តន្ទា​ទោស​​ឱ្យ​​ជាប់​​ពន្ធនាគារ​​រយៈ​​ពេល​​៤​​ឆ្នាំ​​ ពី​បទ​​ហិង្សា​​ដោយ​​ចេតនា​​មាន​ស្ថាន​ទម្ងន់ទោស​ ពាក់ព័ន្ធ​​​ករណី​​ហិង្សា​​បណ្តាល​ឱ្យ​​ជនសង្ស័យ​​ម្នាក់​​ស្លាប់​​នៅ​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​​អំឡុង​​ខែធ្នូ​ ឆ្នាំ​​២០១៩​។​ បន្ទាប់មក​នៅ​​អំឡុង​ខែ​​ឧសភា​ ឆ្នាំ​​២០២១​ ដដែល​ សាលាឧទ្ធរណ៍​​ខេត្ត​​បាត់ដំបង​​បាន​​តម្កល់​សាលក្រម​​របស់​​សាលាដំបូង​​ខេត្ត​​បាត់ដំបង​ទុកជា​​បាន​​ការ​ដដែល​​ ប៉ុន្តែ​ទោស​​នេះ​ ​ត្រូវ​​អនុវត្ត​​ក្នុង​​ពន្ធនាគារ​​កំណត់​​រយៈ​​ពេល​​១ឆ្នាំ​​ ៦​ ខែ​​វិញ​​។​​ ទោស​​សល់​ពីនេះ​ត្រូវ​​ព្យួរ​​ធម្មតា​វិញ​​៕​ ​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​