រដ្ឋាភិបាល​​សម្រេច​បញ្ចប់​មុខ​​តំណែង​​លោក​ កន​ សុខកាយ​ បន្ទាប់ពី​​បែកធ្លាយ​​ករណី​សូកប៉ាន់​​ ៣០ម៉ឺន​ដុល្លារ​

លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ចេញ​អនុក្រឹត្យ​​បញ្ចប់​​មុខតំណែង​​លោក​ កន​ សុខកាយ​ ពីអ​ភិបាល​​នៃ​គណៈ​អភិបាល​​ស្រុក​​ល្វាឯម​ នៃ​ខេត្ត​​កណ្តាល​​ ដោយ​​​សារ​​ប្រព្រឹត្ត​កំហុស​​ក្រម​​សីលធម៌​​ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ​​ បន្ទាប់ពី​បែកធ្លាយ​​ព័ត៌មាន​​ដែល​តាម​​ចោទ​ថា​ លោក​បាន​​​សូក​​ប៉ាន់​​ប្រាក់​​ ៣០​​ម៉ឺន​​ដុល្លារ​​ ដើម្បី​​បាន​ធ្វើ​​ជា​​អភិបាល​​ក្រុង​​អរិយ​​ក្សត្រ​​។​

យោង​តាម​​អនុក្រឹត្យ​លេខ​ ១០០៩​ អន​ក្រ​.តត​ ​ចុះ​​ថ្ងៃទី​​៨​ ខែ​​តុលា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​​ថា​ លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេច​​បញ្ចប់​មុ​​ខ​តំណែង​​លោក​ កន​ សុខកាយ​ ឋានន្តរស័ក្តិ​​ឧត្តម​​មន្ត្រី​ ថ្នាក់​​លេខ​​៥​ ពីអ​ភិបាល​​ នៃ​គណៈ​​អភិបាល​​ស្រុក​​ល្វាឯម​ នៃ​ខេត្ត​​កណ្តាល​​ ដោយសារ​សាមីខ្លួន​​បាន​​ប្រព្រឹត្ត​កំហុស​​ក្រមសីលធម៌​​ និង​​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ​​ ផ្ទុយ​នឹង​​ច្បាប់​​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។​​

​គួរ​កត់សម្គាល់​ថា​ កាលពី​ថ្ងៃទី​​៧​ ខែ​​តុលា​ អតីត​​នាយក​​រដ្ឋ​​មន្ត្រី​ លោក​​ ហ៊ុន​​ សែន​ ដែល​​បច្ចុប្បន្ន​​ជា​​ប្រធាន​​ព្រឹទ្ធ​​សភា​​ បាន​​ទម្លាយ​​ពី​ករណី​​ឆបោក​​ជាច្រើន​​ករណី​​ ដែល​​ប្រ​​ព្រឹត្ត​​​ដោយ​​បុគ្គល​ឈ្មោះ​ លី​ សា​ម៉េ​ត​ ដែល​មាន​ងារ​ជា​​ឧកញ៉ា​​ផង​នោះ​ ដោយ​​​លោក​​បាន​​​បង្ហោះ​​នៅ​លើ​​ទំព័រ​​ហ្វេ​សប៊ុ​ក​​របស់​​លោក​ថា​ លោក​ លី​ សា​ម៉េ​ត​ (​ហៅ​គ្រូ​មា​) តែងតែ​ប្រើ​ឈ្មោះ​របស់​​លោក​​ដើរ​​បោក​​ប្រាស់​​គេ​​ ដោយ​​អះអាង​ថា​ ខ្លួន​ចេញចូល​​ផ្ទះ​​របស់​​លោក​ ហ៊ុន​ សែន​​ ពេលណា​ក៏បាន​​។​

លោក​ ហ៊ុន​ សែន​ បាន​​បញ្ជាក់​ថា​ ឆ្នាំ​​២០២២​​ លោក​ លី​ សា​ម៉េ​ត​ បាន​​បោក​​លុយ​​ឈ្មោះ​ សុខ​​ ឡេង​ ចំនួន​​១០លាន​​ដុល្លារ​ ក្រោយ​​​មក​​លោក​​បាន​​ទាមទារ​​ឱ្យ​​ប្រគល់​​ទៅ​ឈ្មោះ​ សុខ​ ឡេង​ វិញ​​ ដោយ​​ឡែក​​ប៉ុន្មាន​​ថ្ងៃមុន​​នេះ​ លោក​ ហ៊ុន​ សែន​ ក៏បាន​​ប្រាប់​​ឱ្យ​​លោក​​ លី​ សា​ម៉េ​ត​ សង​ប្រាក់​ទៅ​​លោក​ មួង​ ឃីម​ ចំនួន​​ ២៣​​​ម៉ឺន​​ដុល្លារ​​ផង​ដែរ​។​

លោក​ ហ៊ុន​ សែន​ ក៏បាន​​ទម្លាយ​​ផង​ដែរ​​ថា​ កាល​​ពី​ថ្ងៃទី​​៧​ ខែ​​តុលា​ ឆ្នាំ​​២០២៤​​នេះ​ លោក​​បាន​​ទទួល​​វីដេអូ​​ពី​​លោក​ កន​ សុខកាយ​ អភិបាល​​ស្រុក​​ល្វាឯម​​ ដែល​​​អះ​​អាង​​ថា​ ខ្លួន​​បាន​​ផ្តល់​​ប្រាក់​​ចំនួន​ ​៣០​​ម៉ឺន​​​ដុល្លារ​ទៅ​​​លោក​ លី​ សា​ម៉េ​ត​ ដើម្បី​​រត់​​ការ​​ឱ្យ​​បាន​​តំណែង​​ជា​​អភិបាល​​ក្រុង​​អរិយ​​ក្សត្រ​។​

លោក​ ហ៊ុន​ សែន​ ក៏បាន​​ស្នើ​​ឱ្យ​​មាន​​វិធានការ​​ផ្លូវ​​ច្បាប់​​លើ​​លោក​ លី​ សា​ម៉េ​ត​​ ផង​​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​