រដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ចំនួនទឹកប្រាក់សម្រាប់បុគ្គលដែលមានគោរមងារជាឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំចាប់ពី៨ពាន់ដុល្លារដល់១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
យោងតាមអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលបានកំណត់ចំនួនទឹកប្រាក់សម្រាប់គោរមវន្តដែល ត្រូវបង់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល ដែលក្នុងនោះគោរមងារជា លោកអ្នកឧកញ៉ា ត្រូវបង់ប្រាក់វិភាគទានប្រចាំឆ្នាំជូនដល់រាជរដ្ឋាភិបាលចំនួន ៤០០ ០០០ ០០០ រៀល (ប្រហែល១០ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ អ្នកឧកញ៉ា ត្រូវបង់វិភាគទានចំនួន ៦០ ០០០ ០០០រៀល (ប្រហែល១ ៥០០០ដុល្លារ) ក្នុងមួយឆ្នាំ និងឧកញ៉ា ត្រូវបង់វិភាគទានចំនួន ៣២ ០០០ ០០០រៀល (ប្រហែល៨០០០ ដុល្លារ) ក្នុងមួយឆ្នាំ។
ប៉ុន្តែគោរមវន្តដែលទទួលបានគោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ដោយមានស្នាដៃលើរបកគំឃើញនូវបច្ចេកវិទ្យាថ្មីៗណាមួយឬស្នាដៃពិសេសដែលមានអត្ថប្រយោ ជន៍សម្រាប់សង្គមជាតិ ត្រូវបានលើកលែងចំពោះការបង់វិភាគទានប្រចាំឆ្នាំ។
អនុក្រឹត្យដដែលនេះក៏និយាយផងដែរអំពីលក្ខខណ្ឌនិងទំហំទឹកប្រាក់នៃការផ្តល់អំណោយ ដែលត្រូវផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ ដែលក្នុងនោះការផ្តល់គោរមងារជាលោកអ្នកឧកញ៉ា ត្រូវអនុវត្តចំពោះគោរមវន្ត ដែលបានទទួលគោរមងារជាអ្នកឧកញ៉ាយ៉ាងតិច៥ឆ្នាំ មានអាយុយ៉ាងតិច៤៥ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋ ក្នុងទំហំទឹកប្រាក់ចំនួន ១៦ ០០០ ០០០ ០០០រៀល (ប្រហែល៤លានដុល្លារ) ឡើងទៅ បន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ស្រដៀងគ្នានេះដែរ ការផ្តល់គោរមងារជាអ្នកឧកញ៉ាត្រូវអនុវត្តចំពោះគោរមវន្តដែលបានទទួលគោរមងារជាឧកញ៉ាយ៉ាងតិច៣ឆ្នាំ និងផ្តល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ៤ ០០០ ០០០ ០០០ រៀល (ស្មើជិត១លានដុល្លារ) ឡើងទៅបន្ថែមពីលើសមិទ្ធផលផ្សេងទៀតដែលជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ចំណែករូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលត្រូវផ្តល់គោរមងារជាឧកញ៉ា ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំនិងត្រូវផ្តល់អំណោយជាថវិកាជូនរដ្ឋក្នុងទំហំទឹកប្រាក់ចំនួន ២ ០០០ ០០០ ០០០រៀល (ស្មើជិត៥០ម៉ឺនដុល្លារ) ឡើងទៅ ឬកសាងសមិទ្ធផលនានាជាអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ដែលមានតម្លៃសមមូលនឹងទំហំទឹកប្រាក់ចំនួន ២ ០០០ ០០០ ០០០ រៀលឡើងទៅ។
លក្ខខណ្ឌនិងទំហំទឹកប្រាក់ នៃការផ្តល់អំណោយ ដែលត្រូវផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់នេះ មិនអនុវត្តចំពោះគោរមវន្តដែលមានស្នាដៃលើរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេស ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិឬអន្តរជាតិ។ ការទទួលបានគោរមងារត្រូវធ្វើឡើងតាមលំដាប់ថ្នាក់ ដោយមិនអាចរំលងលំដាប់ថ្នាក់បានឡើយ ខណៈទំហំទឹកប្រាក់នៃការផ្តល់អំណោយ ដែលបានផ្តល់រួចក្នុងលំដាប់ថ្នាក់គោរមងារ ដែលបានទទួលរួច មិនត្រូវបានរាប់ជាកម្មវត្ថុនៃការស្នើសុំផ្តល់គោរមងារឧកញ៉ាលំដាប់ថ្នាក់ខ្ពស់ជាងលំដាប់ថ្នាក់បច្ចុប្បន្នឡើយ។
គោរមងារជាឧកញ៉ានៅកម្ពុជាមាន៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ បច្ចុប្បន្ន ដើម្បីទទួលបានគោរមងារជាឧកញ៉ា ដរាបណាបុគ្គលនោះ បានបរិច្ចាគថវិកាលើសកម្មភាពមនុស្សធម៌ជួយសង្គមចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ខណៈមុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ គោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ
នេះបើយោងតាមអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ អ្នកមានគោរមងារឧកញ៉ាសរុបមានចំនួនជាង ១,៤០០ នាក់៕