សម្តេច​​ចៅ​ហ្វា​វាំង​​ គង់​ សំ​អុល​​ ទទួល​​មរណភាព​ក្នុង​ជន្មាយុ​​៩៤​​ឆ្នាំ​ ​ដោយ​​ជរាពាធ​​​ 

សម្តេ​​ច​​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​ ជា​​សមាជិក​​រដ្ឋ​​សភា​ ឧបនាយក​​រដ្ឋ​​មន្ត្រី​ និង​​ជា​​​​រដ្ឋ​​មន្ត្រី​ក្រសួង​​ព្រះបរមរាជវាំង​ បាន​ទទួល​​មរណភាព​​ក្នុង​​​ជន្មាយុ​​៩៤​​ឆ្នាំ​ ដោយ​​ជរាពាធ​​ នេះ​​យោង​​តាម​​សេចក្តី​​ជូន​​ដំណឹង​​របស់​​ក្រសួង​​ព្រះ​បរម​​រាជវាំង​​​។​

យោង​​តាម​​សេចក្តី​​ជូន​​ដំណឹង​​របស់​​ក្រសួង​​ព្រះ​ប​​រម​រាជវាំង​ចុះ​ថ្ងៃទី​​០២​ ខែ​​កញ្ញា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​​ថា​ សម្តេច​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​ បាន​​ទទួល​​មរណភាព​​ នៅ​ថ្ងៃទី​​០២​ ខែកញ្ញា​ ឆ្នាំ​​២០២៤​ នៅ​វេលា​ម៉ោង​ ០៨និង៣៥នាទី​ព្រឹក​​ ហើយ​​សព​សម្តេច​​ចៅ​ហ្វា​វាំង​​ត្រូវ​​បាន​​តម្កល់​​ដើម្បី​​​ប្រារព្ធ​​ពិធីបុណ្យ​​តាម​​ប្រពៃណី​​សាសនា​​នៅ​គេហដ្ឋាន​​ស្ថិតនៅ​​ផ្ទះលេខ​​៨៣​ ផ្លូវ​​សុក​​ហុក​ (១០៧​) កែង​នឹង​​វិថី​ ហ្សូ​សិប​ប្រូស​​ទី​តូ​ (២១៤​) សង្កាត់​​បឹងព្រលិត​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​​។​

សម្តេច​​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​​ គឺជា​​អ្នក​​នយោបាយ​​ជើងចាស់​​មក​​ពី​គណបក្ស​​ប្រ​​ជា​​​ជន​កម្ពុជា​​ ហើយ​​លោក​​កាន់​​តួនាទី​ជា​​ច្រើន​​ដូចជា​​​ ប្រធាន​​គណៈ​​កម្មា​ធិការ​​ជាតិ​​រៀប​​ចំ​បុណ្យជាតិ​​ -អន្តរជាតិ​ ​និង​ជា​​អនុប្រធាន​​កាកបាទ​​ក្រហម​​កម្ពុជា​ ក៏​ជា​​តំណាង​​រាស្ត្រ​​នីតិកាល​​ទី​​៧​ សម្រាប់​​មណ្ឌល​​ខេត្ត​​កំពង់​​ឆ្នាំង​ផង​ដែរ​។​ សម្តេច​​ធ្លាប់​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ពីឆ្នាំ១៩៨៦​ ដល់​ឆ្នាំ១៩៨៩​៕​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​