រដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដើម្បីបង្កើត “ក្រុងកំពង់សោម”។
យោងតាមអនុក្រឹត្យ លេខ២០១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។
អនុក្រឹត្យដដែលនេះបញ្ជាក់ថា ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ គឺសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ទីតាំងរដ្ឋបាល ក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម។
អនុក្រឹត្យនេះបន្ថែមថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥នេះ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម មកជំនួស។
កាលខែមករា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយសម្រេចបង្កើតក្រុងថ្មីមួយឈ្មោះ “ក្រុងរុនតាឯកតេជោសែន” ដោយកាត់យកឃុំចំនួន២ គឺឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង នៃខេត្តសៀមរាប។ ក្រុងថ្មីនេះ មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ចំណែកទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅសង្កាត់រុនតាឯក៕