រដ្ឋាភិបាល​​អនុញ្ញាត​ឱ្យ​​ឈប់សម្រាក​​១ថ្ងៃ​ ក្នុង​ឱកាស​​​អបអរ​ការ​​បើក​​ការដ្ឋាន​​សាងសង់​​ព្រែក​​ជីក​​ហ្វូណន​តេជោ​

រដ្ឋាភិបាល​ ​ចេញ​​សារាចរ​​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​ បុគ្គលិក​​ និយោជិត​ និង​​សិស្ស​​​និស្សិត​ ​ឈប់​​សម្រាក​​ចំនួន​​១​​ថ្ងៃ​​ នៅ​ថ្ងៃទី​​៥​ ខែ​​សីហា​ ដើម​សប្តាហ៍​ក្រោយ​ ដើម្បី​​​ចូល​​រួម​​អបអរ​​ការ​​បើក​​ការដ្ឋាន​​សាងសង់​​​ព្រែក​​ជីក​​ហ្វូណន​​តេជោ​​។​

យោង​​តាម​​សារាចរ​​លេខ​​១១​ សរ​ ចុះ​ថ្ងៃទី​​១​ ខែ​​សីហា​ ឆ្នាំ​​២០២៤​​ បាន​​ឱ្យ​​ដឹង​​ថា​ លោក​​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​​អនុញ្ញាត​​ឱ្យ​​មន្ត្រី​រាជការ​ បុគ្គលិក​ កម្មករ​ និយោជិត​ និង​​សិស្ស​​ និស្សិត​ ​ឈប់​​សម្រាក​​ចំនួន​​​១ថ្ងៃ​ គឺ​នៅ​​ថ្ងៃទី​​៥​ ខែ​​សីហា​ ឆ្នាំ​​២០២៤​ បន្ទាប់ពី​ការ​​ចូល​​រួម​​អបអរសាទរ​​ការ​បើក​​ការ​​ដ្ឋាន​​សាងសង់​​ព្រែក​​ជីក​​ហ្វូណន​​តេជោ​​ជា​​ផ្លូវ​​ការ​​ នៅ​តាម​​ក្រសួង​​ ស្ថាប័ន​ អង្គភាព​ គ្រឹះស្ថាន​សាធារណៈ​ និង​​ឯកជន​ រោងចក្រ​​និង​​សហគ្រាស​​នី​មួយ​ៗ​។​

សារាចរ​នេះ​​ ក៏បាន​​បញ្ជាក់​​ផង​ដែរ​ថា​ ការ​​ឈប់​​សម្រាក​​នៅ​ថ្ងៃទី​​៥​ ខែសីហា​ របស់​​​បុគ្គលិក​​ និង​កម្មករ​ និយោជិត​ ត្រូវ​​ទទួល​​បាន​​ប្រាក់​​ឈ្នួល​​។​​

រដ្ឋាភិបាល​ ​បាន​​ប្រកាស​​យក​​ថ្ងៃទី​​៥​ ខែសីហា​ ជា​​ថ្ងៃ​បើក​​ការ​​ដ្ឋាន​​សាងសង់​ព្រែក​​ជីក​​ហ្វូណន​តេជោ​ ដែល​​មាន​​តម្លៃ​​ ១​,៧​​ពាន់​​លាន​​ដុល្លារ​​។​​ រដ្ឋាភិបាល​​ក៏បាន​​អំ​​ពាវ​​នាវ​​ឱ្យ​​ប្រជា​​ពល​​រដ្ឋ​​វាយ​​ស្គរ​ និង​​បាញ់​​កាំជ្រួច​ ដើម្បី​​អបអរ​​សាទរ​សមិទ្ធផល​​​ជា​​ប្រ​​វត្តិ​សាស្ត្រ​សម្រាប់​កម្ពុជា​​នេះ​ផង​ដែរ​​។​​

ព្រែក​​ជីក​​ប្រវែង​ ១៨០​ គីឡូម៉ែត្រ​​នឹង​​ត​​ភ្ជាប់​​​រាជធានី​​ភ្នំពេញ​​ទៅ​​ខេត្ត​​កែប​ ដោយ​​កាត់​​តាម​​ផ្លូវទឹក​​ក្នុង​​ខេត្តកណ្តាល​ តាកែវ​ កំពត​ និង​​ខេត្ត​​កែប​​។​
យោង​តាម​​សេចក្តី​​រាយការណ៍​​របស់​​ខេម​បូ​ចា​ ដែល​​បាន​​ដកស្រង់​សម្តី​របស់​​លោក​​ ស៊ុន​ ចាន់​ថុល​ អនុប្រធាន​ទី១​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​​អះអាង​​​ថា​ គម្រោង​ព្រែក​​ជីក​​នេះ​ នឹង​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ ១​ ៥៨៥​ គ្រួ​​សារ​ ដី​លំ​​នៅ​ដ្ឋាន​ ១៤៩​,៥ហិ​ក​តា​ និង​ដីស្រែ​ និង​ដី​​ចំការ​ចំនួន​ ២​ ៩០០​ ហិ​ក​តា​​៕​​

Tags

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​