បុគ្គលចំនួន ១៥រូប ទទួលបានគោរមងារជាឧកញ៉ា និងអ្នកឧកញ៉ា ខណៈបុគ្គលម្នាក់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ បញ្ចប់គោរមងារជាឧកញ៉ា។
ឧកញ៉ា ចំនួន ០៩រូប បានឡើងជាអ្នកឧកញ៉ា ស្របពេលបុគ្គលចំនួន ០៦រូបថ្មីទៀត បានទទួលងារជាឧកញ៉ា ខណៈដែលឧកញ៉ាម្នាក់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ បញ្ចប់គោរមងារជាឧកញ៉ាទៅវិញ យោងតាមសៀវភៅរាជកិច្ច លេខ៥៧ ត្រីមាសទី០៣ ឆ្នាំ២០២៤ ហើយត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃ០២ ខែសីហា ឆ្នាំ២០២៤។
យោងតាមព្រះរាជក្រឹត្យ ដែលចុះកាលបរិច្ចេទ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៤នេះ ឧកញ៉ា ដែលទទួលបានគោរមងារ ជាអ្នកឧកញ៉ា ទាំង ០៩រូបនោះរួមមាន អ្នកឧកញ៉ា ឈួន ហាវ៉ុន ជា, អ្នកឧកញ៉ា ឌុក ទីប៉ាណា, អ្នកឧកញ៉ា ប៊ុន ណារី, អ្នកឧកញ៉ា ម៉េង អាន, អ្នកឧកញ៉ា អ៊ឹងស៊ីតាត វីរៈ, អ្នកឧកញ៉ា សុខ សំណាង, អ្នកឧកញ៉ា ខុង លីស៊ីអាណា, អ្នកឧកញ៉ា អ៊ែក ប៉ង និងអ្នកឧកញ៉ា ទី គឹមស្រ៊ាន ។
រីឯបុគ្គលចំនួន ០៦រូប ដែលទើបតែទទួលបានគោរមងារជាឧកញ៉ានោះរួមមាន ឧកញ៉ា លី រិទ្ធ, ឧកញ៉ា ឡោ ងី, ឧកញ៉ា ណយ សុខឡេង, ឧកញ៉ា ធូ សុខចន្ថា, ឧកញ៉ា លុក ស៊ីដូរ៉េ និងឧកញ៉ា លី ជេឌិន ។
ចំណែកឯបុគ្គលម្នាក់ ដែលត្រូវបានព្រះមហាក្សត្របញ្ចប់គោរមងារនោះ គឺឈ្មោះ ស្រី ស៊ីណា ដែលជាឧក្រិដ្ឋជន ក្នុងសំណុំរឿង ករណីបាញ់ប្រហារ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ២ នាក់ទៀតរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
ក្រៅពីការផ្ដល់គោរមងារ និងបញ្ចប់គោរមងារ នៅក្នុងសៀវភៅរាជកិច្ចលេខ៥៧នេះ ក៏មានចងក្រងឯកសារគតិយុត្តសំខាន់ៗជាច្រើនទៀត ដូចជា ការដំឡើងឋានៈ/ឋានន្តរស័ក្តិ/ថ្នាក់ ការតែងតាំង ការផ្ដល់គ្រឿងឥស្សរិយយស ការបង្កើតអង្គភាពថ្មី ការអនុញ្ញាតបើកអាជីវកម្ម និងឯកសាររដ្ឋបាលផងដែរ៕