ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីមួយរូប ឱ្យមកត្រឹមថ្នាក់វរសេនីយ៍ឯក បន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មខាងវិន័យ ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០៨២៤/៩៧៨ ចុះកាលបរិច្ឆេទថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះមហាក្សត្របានត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ លោក ឈឹម រត្ថា អត្តលេខ ៦៨៨៥៩ ពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ ការបន្ថយឋានន្តរស័ក្តិនេះ ធ្វើឡើង បន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ទាក់ទងនឹងករណីនេះដែរ ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ ៤៥១៦ ប្រក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យចំពោះលោក ឈឹម រត្ថា ដែលជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាពដកហូតមុខតំណែង ឱ្យមកជាមន្ត្រីដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វិទ្យុបារាំងអន្តរជាតិ RFI ក៏បានរាយការណ៍ផងដែរថា ឧត្តមសេនីយ៍ត្រីម្នាក់ទៀតឈ្មោះ ព្រហ្ម រស់ចន្ត្រា ត្រូវបានបន្ថយឋានន្តរស័ក្តិ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ យោងតាមព្រះរាជក្រឹត្យ នស/រកត/០៧២៤/៨៧៩ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ហើយដែលតាមការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធការទទួលសំណូកពីបេក្ខជន ជាថ្នូរនឹងការប្រឡងជាប់ចូលធ្វើជាមន្ត្រីរាជការ។
ករណីស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គិភ័យ ឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី។ លោក អេង សាវឿន ត្រូវបានឃាត់ខ្លួនពីបទឆបោកប្រាក់ ៥ម៉ឺនដុល្លារ ជុំវិញការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ៕