ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បណ្តេញព្រះរាជអាជ្ញារងមួយរូប នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ក្រោយមានការចោទថា បានប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យដាក់ពិន័យដោយបណ្តេញចេញពីក្របខ័ណ្ឌព្រះរាជអាជ្ញា ចំពោះលោក គឹម សំលេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ ការដាក់ពិន័យដោយបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រោយពីមានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
យោងតាមសេចក្តីរាយការណ៍របស់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គឹម សំលេង ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ បន្ទាប់ពីលោកបានប្រព្រឹត្តិខុសក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាព្រះរាជអាជ្ញារង ដោយប្រើអំណាចរបស់ខ្លួនទៅបំពានសិទ្ធិពលរដ្ឋ និងមន្ត្រីរាជការដែលមានតួនាទីទាបជាងខ្លួន៕