រដ្ឋាភិបាល​​ផ្ទេរ​​ភារកិច្ច​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​​ខេត្ត​ពីរ​​​រូប​ ​​មក​​​បម្រើ​​ការ​​ងារ​នៅ​​ក្រសួង​​បរិស្ថាន​​

លោកនាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ សម្រេច​​ផ្ទេរ​​ភារកិច្ច​​របស់​​ប្រធាន​​មន្ទីរ​​បរិស្ថាន​ខេត្ត​ចំនួន​ ២​​រូប​ ​ឱ្យ​​មក​​បម្រើ​​ការ​​ងារ​​នៅ​ក្រសួង​​បរិស្ថាន​​។​

យោង​តាម​​អនុក្រឹត្យ​​ចុះ​​ថ្ងៃទី​​៤​ ខែ​​កក្កដា​ ឆ្នាំ​​២០២៤​​នេះ​ លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​​សម្រេច​​ផ្ទេរ​​ភារកិច្ច​​មន្ត្រី​រាជការ​​ចំនួន​ ​២​​រូប​ របស់​​​ក្រសួង​​បរិស្ថាន​​ ដែល​​​ក្នុង​នោះ​ មាន​​លោក​ ឆៅ​​ ប៊ុ​ន​ធឿន​ ប្រធាន​​មន្ទីរ​​បរិស្ថាន​​ខេត្ត​​មណ្ឌលគិរី​ និង​​លោក​ គង់​ ពុទ្ធិ​រ៉ា​ ប្រធាន​​មន្ទីរ​បរិស្ថាន​​ខេត្ត​​ពោធិ៍សាត់​ ឱ្យ​​​មក​​បម្រើ​​ការងារ​​នៅ​ទី​ស្តី​ការ​​ក្រសួង​​បរិស្ថាន​​។​ ការ​​ផ្ទេរ​ភារកិច្ច​​​នេះ​ ធ្វើ​​ឡើង​​តាម​​សំណើ​​របស់​​រដ្ឋ​​មន្ត្រី​ក្រសួង​​បរិស្ថាន​​។​​

​អនុក្រឹត្យ​​ដដែល​នេះ​ មិន​​បាន​​បញ្ជាក់​​ពី​មូល​​ហេតុ​​នៃ​ការ​​ផ្ទេរ​​ភារកិច្ច​​នេះ​ទេ​។​​

លោក​ គង់​ ពុទ្ធិ​រ៉ា​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​ខេត្ត​​ពោធិ៍​​សាត់​ ​ជំនួស​​​លោក​ ប៉ាន់​ មរកត​ ដែល​ត្រូវ​​បាន​​ផ្ទេរ​ភារកិច្ច​​ទៅ​បម្រើ​​ការងារ​នៅ​ទី​ស្តី​ការ​​ក្រសួង​​បរិស្ថាន​​ តាម​​រយៈ​​ប្រកាស​​លេខ​​០៤១​ ប្រ​.ក​ ដែល​​ចុះហត្ថលេខា​​ដោយ​​លោក​ សាយ​ សំ​អាល់​ កាល​​ពី​ថ្ងៃទី​​១៣​ ខែ​​មករា​ ឆ្នាំ​​២០២១​។​

ដោយ​​ឡែក​នៅក្នុង​​​លិខិត​​ចុះ​ថ្ងៃទី២៤​ ខែ​​មេសា​ ឆ្នាំ​​២០២៤​​ រដ្ឋបាល​​ខេត្ត​​មណ្ឌល​​គិរី​ ​បាន​​ស្នើ​​ទៅ​​រដ្ឋ​​មន្ត្រី​ក្រសួងបរិស្ថាន​ លោក​ អ៊ា​ង​ សុ​ផ​​ល្លែ​ត​ ​សម្រួល​​ភារកិច្ច​​លោក​ ឆៅ​​ ប៊ុ​ន​ធឿន​ ប្រធាន​​ម​​ន្ទីរ​​បរិស្ថាន​​ខេត្ត​​មណ្ឌល​​គិរី​​ និង​​ស្នើ​​តែងតាំង​​លោក​ ឌិន​ ប៊ុ​ន​ធឿន​ អនុប្រធាន​​មន្ទីរ​​បរិស្ថាន​​ខេត្ត​​ ដើម្បី​ដឹកនាំ​​ការងារ​​នេះ​​បណ្តោះអាសន្ន​​។​

ក្នុង​​លិខិត​​ដដែល​នេះ​ ​ក៏បាន​​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​​ស្នើ​​សុំ​សម្រួល​​ភារកិច្ច​​នេះ​ គឺ​​​យោង​​តាម​​ស្មារតី​​កិច្ច​​ប្រជុំ​​ថ្ងៃទី​​២៣​ ខែ​​មេសា​ ឆ្នាំ​​២០២៤​​ របស់​​រដ្ឋ​​បាល​​ខេត្ត​​មណ្ឌល​​គិរី​ បន្ទាប់ពី​​ទទួល​​បាន​​អនុសាសន៍​​ណែនាំ​ចំនួន​ ​​៧​​ចំណុច​​ នៅក្នុង​​កិច្ច​​ប្រជុំ​​កាល​​​ពី​ថ្ងៃទី​​២៩​ ខែ​​មីនា​ ឆ្នាំ​​២០២៤​ របស់​​​គណៈ​​កម្មការ​ជាតិ​ ដើម្បី​​ទប់​​ស្កាត់​​និង​​បង្រ្កាប​​បទល្មើស​​ធនធាន​​ធម្មជាតិ​​ ក្នុង​​ការ​​ចាត់​​វិធាន​​ការ​​រដ្ឋ​​បាល​​មន្ត្រី​ពាក់ព័ន្ធ​​ករណី​​បទ​​ល្មើស​​ធន​​ធាន​​ធម្មជាតិ​​នៅក្នុង​​​តំបន់​​ដែន​​ជម្រក​​សត្វ​​ព្រៃ​ណា​មលៀ​​។​​

កាល​​ពី​ថ្ងៃទី១៤​ ខែ​​មីនា​ ឆ្នាំ​​២០២៣​ លោក​ ឆៅ​ ប៊ុ​ន​ធឿន​ ត្រូវ​​បាន​​​ប្រកាស​តែង​​តាំង​​ជា​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​ខេត្ត​​មណ្ឌលគិរី​ ជំនួស​​លោក​ កែវ​ សុភ​គ៌​ ដែល​ត្រូវ​​បាន​​ដំឡើង​​​ទៅ​​ជា​​អគ្គាធិការ​​ នៃ​អគ្គាធិការ​ដ្ឋាន​​ក្រសួង​​បរិស្ថាន​​៕​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​