រដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចតែងតាំងមន្ត្រីចំនួន ២រូប ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
យោងតាមអនុក្រឹត្យមួយចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចតែងតាំងលោក សេង វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ និងលោក ឆាយ វីរៈ ឋានន្តរស័ក្តិ ថ្នាក់លេខ៦ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក វណ្ណៈ និងលោក វីរៈ មានតួនាទីជានាយក និងនាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកមានចំនួន ៩រូប ក្នុងនោះរួមមានលោក កើត ឆែ លោក មាន ចាន់យ៉ាដា លោក ហួត ហៃ លោកស្រី កែវ សុខពិសី លោក ស៊ុយ សេរិទ្ធ លោក នួន ផារ័ត្ន លោក ឃ្លាំង ហួត លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី។ ដោយឡែកលោក មាន ចាន់យ៉ាដា ទើបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងជាអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
យោងតាមច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ១១រូប គណៈអភិបាលខេត្តមានចំនួន ៧រូប ទៅ១១រូប គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ៧រូប៕