ព្រះមហាក្សត្រ​​ត្រាស់​​បង្គាប់​​ផ្តល់​​គោរមងារ​​ “អ្នក​​ឧកញ៉ា​” ដល់​​ឧកញ៉ា​ ខុង​ លី​ស៊ី​អាណា​ 

ឧកញ៉ា​​ ខុង​ លី​ស៊ី​អាណា​ ជា​សមាជិក​​សភា​ពាណិជ្ជកម្ម​​កម្ពុជា​ ជា​​ម្តាយ​ ​របស់​​​​អតីត​​ឧកញ៉ា​ ឌួង​ ឆាយ​ ត្រូវ​​បាន​​​ព្រះ​មហា​​ក្សត្រ​​ត្រាស់​​បង្គាប់​​​ផ្តល់​​គោរម​​ងារ​ជា​​ “​អ្នក​​ឧកញ៉ា​​”។​​

យោង​តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​​ថ្ងៃទី​​២៤​ ខែ​​មិថុនា​ ឆ្នាំ​​២០២៤​​ ព្រះករុណា​ ព្រះ​​បាទ​​​​​សម្តេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហ​មុនី​ បាន​​​ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​​បង្គាប់​​ផ្តល់​​គោរ​​ម​​ងារ​ជា​ “អ្នក​​ឧកញ៉ា​” ដល់​​ឧកញ៉ា​ ខុង​ លី​ស៊ី​អាណា​​។​​

លោកស្រី​ឧកញ៉ា​​ ខុង​ លី​ស៊ី​អាណា​ គឺជា​​ម្ចាស់​​ក្រុមហ៊ុន​​ ឌី​អិន​ជី​ គ្រុប​ (D N G Group) ជា​​​ក្រុមហ៊ុន​​វិនិយោគ​លើ​​វិស័យ​​សំណង់​​ ហើយ​​​លោកស្រី​ត្រូវ​​បាន​​គេ​ស្គាល់​​​ថា​ ជា​​ម្តាយ​​របស់​​លោក​ ឌួង​ ឆាយ​ អគ្គនាយក​​ក្រុមហ៊ុន​ Downtown Development។​ លោក​​ ឌួង​ ឆាយ​ ត្រូវ​​បាន​លោក​ សាយ​ ឈុំ​ ​ដែល​​កាល​​ណោះ​​គឺ​​ជា​​ប្រមុខ​​រដ្ឋ​​ស្តីទី​ ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​​បង្គាប់​​បញ្ច​​ប់​​គោរម​​ងារ​​ឧកញ៉ា​ កាល​​ពី​​ថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​​​២០២១​ បន្ទាប់​​ពី​​អតីត​​ភរិយា​របស់​លោក​ គឺ​​អ្នក​​ស្រី​ ដេ​ត​ ម៉ាលី​ណា​ បញ្ចេញ​ឃ្លី​ប​វីដេអូ​តាម​​បណ្តាញ​សង្គម​​ បង្ហាញ​​​សកម្មភាព​​ហិង្សា​​របស់​​លោក​ទៅលើ​​អ្នក​​ស្រី​​​​។​​

លោកស្រី​ឧកញ៉ា​​ ខុង​ លី​ស៊ី​អាណា​ ត្រូវ​​បាន​​​ព្រះមហាក្សត្រ​ ចេញ​ព្រះរាជ​ក្រឹត្យ​​ត្រាស់​​បង្គាប់​​​ផ្ត​​ល់​​គោរម​​ងារ​​ “ឧកញ៉ា​” កាល​​ពី​ថ្ងៃទី​​២៧​ ខែ​​កក្កដា​ ឆ្នាំ​​២០២៣​។​

​គោរមងារ​​​​​​​ជា​​​​​​​ឧកញ៉ា​​​​​​​នៅ​​​​​​​កម្ពុជា​​​​​​​ មាន៣ថ្នាក់​​​​​​​ គឺ​​​​​​​ឧកញ៉ា​​​​​​​ អ្នកឧកញ៉ា​​​​​​​ និង​​​​​​​លោកអ្នកឧកញ៉ា​​​​​​​។​​​​​​​ បច្ចុប្បន្ន​​​​​​​ ដើម្បី​​​​​​​ទទួល​​​​​​​បាន​​​​​​គោរម​​​​​​​ងារ​​​​​​​ជា​​​​​​​ឧកញ៉ា​​​​​​​ ដរាបណា​​​​​​​បុគ្គល​​​​​​​នោះ​​​​​​​ បាន​​​​​​​បរិច្ចាគ​​​​​​​ថវិកា​​​​​​​លើស​​​​​​​កម្ម​​​​​​​ភាព​​​​​​​មនុស្សធម៌​​​​​​​ជួយ​​ ​​​​​សង្គម​​​​ ​​​ចាប់ពី៥០ម៉ឺន​​​​​​​ដុល្លារ​​​​​​​ឡើង​​​​​​​ទៅ​​​​​​​ ខណៈ​​​​​​​​មុន​​​​​​​ថ្ងៃទី២០​​​​​​​ ខែមីនា​​​​​​​ ឆ្នាំ២០១៧​​​​​​​ ​គោរមងារ​​​​​​​ «​ឧកញ៉ា​​​​​​​​» តម្រូវ​​​​​​​​ត្រឹម​​ តែ​​​​​​​​ ១០​​​​​​​​ម៉ឺន​​​​​​​​ដុល្លារ​​​​​​​​ប៉ុណ្ណោះ​​​​​​​ នេះ​​​​​​បើ​​​​​​​​យោង​​​​​​តាម​​​​​​​​អនុក្រឹត្យ​​​​​​​​​លេខ​​​​​​​ ៤៣​​​​​​​ អន​​​​​​​ក្រ​​​​​​​.បក​​​​​​​ ចុះ​​​​​​​ថ្ងៃទី២០​​​​​​​ ខែមីនា​​​​​​​ ឆ្នាំ២០១៧​​​​​​​៕​​​​​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​