លោក សុខ គង់ ជាអ្នកជំនួញដ៏ល្បីល្បាញ ដែលកំពុងវិនិយោគលើមុខជំនួញពហុវិស័យនៅកម្ពុជា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក សុខ គង់ ជាទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។
ព្រះរាជក្រឹត្យដដែលនេះបានបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ គង់ ដែលមានងារជាអ្នកឧកញ៉ា គឺជាប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប។ លោក សុខ គង់ បានបង្កើតស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច ចាប់ពីឆ្នាំ១៩៩០ សណ្ឋាគារលំដាប់ផ្កាយ៥ សុខា អូតែល& រីសត នៅឆ្នាំ២០០៤ ។ ក្រៅពីនេះ លោកវិនិយោគលើមុខជំនួញច្រើនទៀត ដូចជា វិស័យអចលន ទ្រព្យ បូកគោកសិដ្ឋានបន្លែសរីរាង្គ និងកាស៊ីណូ Sokha Vegas៕