លោក គី សេរីវឌ្ឍន៍ ជាអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងលោក គី សេរីវឌ្ឍន៍ ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយពុំទទួលប្រាក់បំណាច់មុខងារ។ ការតែងតាំងនេះ គឺធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោក ហ៊ុន ម៉ាណែត។
លោក គី សេរីវឌ្ឍន៍ គឺជាអ្នកជំនាញវិភាគសេដ្ឋកិច្ចនៅកម្ពុជា និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា៕