សៀវភៅ​រាជកិច្ច​៖​ បុគ្គល​ចំនួន​ ៧៦រូប​ បាន​ក្លាយជា​ឧកញ៉ា​ អ្នកឧកញ៉ា​ និង​ លោកអ្នក​ឧញ៉ា​

បុគ្គល​ចំនួន​ ៧៦រូប​ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​ផ្ដល់​គោរមងារ​ ជា​ឧកញ៉ា​ អ្នកឧកញ៉ា​ និង​លោកអ្នក​ឧញ៉ា​ នេះ​បើ​​យោង​​តាម​​សៀវភៅ​​រាជកិច្ច​​ចាប់ពី​​លេខ១​​ ដល់​​លេខ៤៨​​ ដែល​​ចេញផ្សាយ​​នៅ​​ក្នុង​ ​ត្រីមាស​ទី១​ និង​ត្រីមាស​ទី២​ នៃ​​ឆ្នាំ២០២៤​​ និង​​​​ត្រូវ​​​​បាន​​​ចេញ​​​​ផ្សាយ​​​ដោយ​​​ទី​​ស្តី​​ការ​​គណៈរដ្ឋ​​មន្ត្រី​​​ ចាប់ពី​​ថ្ងៃ​​​​ទី​ ២៥​ ខែមករា​​​​ ​ដល់​​​ថ្ងៃទី​​​១២​​ ខែមិថុនា​ ឆ្នាំ​​​២០២៤​​​ ​។​

ឯកសារ​​ដដែល​នេះ​​ បាន​​បង្ហាញ​​ថា​ ក្នុងចំណោម​បុគ្គល​ទាំង​ ៧៦រូប​ ដែល​ទទួល​បាន​គោរមងារ​ មាន​ ២៤រូប​ ទើប​​តែ​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ ហើយ៤៤រូប​បាន​ឡើង​ពី​ឧកញ៉ា​មក​ជា​អ្នកឧកញ៉ា​ និង៨រូប​ ទៀត​បាន​ឡើង​ពី​អ្នកឧកញ៉ា​មក​ជា​លោកអ្នកឧកញ៉ា​។​ 

នៅក្នុងចំណោម​បុគ្គល​ទាំង៨រូប​ ដែល​បាន​ឡើង​ឋានៈ​ពី​អ្នកឧកញ៉ា​ មក​ជា​លោកអ្នកឧកញ៉ា​ ដែល​ជា​ គោរម​​ងារ​​ខ្ពស់​បំផុត​នៅ​កម្ពុជា​ រួមមាន​ លោក​ ពុង​ ឃា​វ​សែ​​ លោក​ លី​ យ៉ុង​ផាត់​ លោក​ ទ្រី​ ភាព​  លោក​ ​ស៊ី​ គង់​ទ្រី​វ​ លោកស្រី​ ភូ​ ហុង​ស៊ួន​ ស៊ី​គង់​ទ្រី​វ​​ លោក​​ លាង​ ឃុន​ លោក​ ​ លី​ ហួរ​ និង​លោកស្រី​​ ភាព​ ហៀក​ ។​ 

  លោក​ ពុង​ ឃា​វ​សែ​ ជា​វិនិយោគិន​​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​ជា​ច្រើន​ទស្ស​វត្ស​នៅក្នុង​ពិភព​ ជំនួញ​ ដែល​បាន​បោះទុន​វិនិយោគ​ស្ទើរគ្រប់​វិស័យ​ទាំងអស់​នៅ​កម្ពុជា​។​ លោក​ជា​អគ្គនាយក​ក្រុមហ៊ុន​វិ​និ​ យោគ​ទុន​អាណិកជន​កម្ពុជា​ (OCIC) ជា​អគ្គនាយក​ធនាគារ​កា​ណា​ ឌី​យ៉ា​ ប្រធាន​សមាគម​អ្នកសាង​សង់​ កម្ពុជា​ (CCA) ប្រធាន​សមាគម​ខ្មែរ​-ចិន​។​ កន្លងមក​ លោក​ ពុង​ ឃា​វ​សែ​ ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ ក្នុង​ ការ​​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​​កណ្ដាលស្ទឹង​ ​ខេត្ត​ក​ណ្ដា​​ល​ និង​ស្រុក​បាទី​ ខេត្តតាកែវ​។​ លោក​ ពុង​ ឃា​វ​សែ​ ត្រូវ​បាន​ព្រះមហាក្សត្រ​​​ត្រាស់​​​បង្គាប់​ផ្ដល់​គោរមងារ​ជា​ លោកអ្នកឧកញ៉ា​ តាមរយៈ​ព្រះរាជ​ក្រឹត្យ​លេខ​ នស​/រក​ត​/០៤២៤​/៣៤៥​ ចុះ​ថ្ងៃទី១២​ ខែ​​មេសា​ ឆ្នាំ២០២៤​ ។​ 

ចំណែក​ លោក​ ទ្រី​ ភាព​ ជា​អគ្គនាយក​​ក្រុម​​ហ៊ុន​​ទ្រី​ ភាព​ និង​​ជាទី​ប្រឹក្សា​ផ្ទាល់​លោក​​ ហ៊ុន​ សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ហើយ​ថ្មី​ៗ​នេះ​ លោក​ក៏​ទទួល​បានការ​តែងតាំង​ជា​ បេសកជនពិសេស​ ​របស់​​លោក​​ ហ៊ុន​​ សែន​​ ប្រធាន​​ព្រឹទ្ធសភា​​កម្ពុជា​ទៀតផង​​។​ លោក​ ទ្រី​ ភាព​ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​ បង្គាប់​ផ្ដល់​គោរមងារ​ជា​លោកអ្នកឧកញ៉ា​តាមរយៈ​ ព្រះរាជ​ក្រឹត្យ​លេខ​ នស​/រក​ត​/០៥២៤​/៤៤៩​ ចុះ​ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៤​ ។​

គោរមងារ​​​​​​ជា​​​​​​ឧកញ៉ា​​​​​​នៅ​​​​​​កម្ពុជា​​​​​​ មាន៣ថ្នាក់​​​​​​ គឺ​​​​​​ឧកញ៉ា​​​​​​ អ្នកឧកញ៉ា​​​​​​ និង​​​​​​លោកអ្នកឧកញ៉ា​​​​​​។​​​​​​ បច្ចុប្បន្ន​​​​​​ ដើម្បី​​​​​​ទទួល​​​​​​បាន​​​​​គោរម​​​​​​ងារ​​​​​​ជា​​​​​​ឧកញ៉ា​​​​​​ ដរាបណា​​​​​​បុគ្គល​​​​​​នោះ​​​​​​ បាន​​​​​​បរិច្ចាគ​​​​​​ថវិកា​​​​​​លើស​​​​​​កម្ម​​​​​​ភាព​​​​​​មនុស្សធម៌​​​​​​ជួយ​ ​​​​​សង្គម​​​ ​​​ចាប់ពី៥០ម៉ឺន​​​​​​ដុល្លារ​​​​​​ឡើង​​​​​​ទៅ​​​​​​ ខណៈ​​​​​​​មុន​​​​​​ថ្ងៃទី២០​​​​​​ ខែមីនា​​​​​​ ឆ្នាំ២០១៧​​​​​​ ​គោរមងារ​​​​​​ «​ឧកញ៉ា​​​​​​​» តម្រូវ​​​​​​​ត្រឹម​ តែ​​​​​​​ ១០​​​​​​​ម៉ឺន​​​​​​​ដុល្លារ​​​​​​​ប៉ុណ្ណោះ​​​​​​ នេះ​​​​​បើ​​​​​​​យោង​​​​​តាម​​​​​​​អនុក្រឹត្យ​​​​​​​​លេខ​​​​​​ ៤៣​​​​​​ អន​​​​​​ក្រ​​​​​​.បក​​​​​​ ចុះ​​​​​​ថ្ងៃទី២០​​​​​​ ខែមីនា​​​​​​ ឆ្នាំ២០១៧​​​​​​៕​​​​​​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​