ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីលោក ស្រី ស៊ីណា បន្ទាប់ពីមានករណីបាញ់ប្រហារបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស ដោយសារតែទំនាស់ពាក្យសម្តីគ្នា នៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះមហាក្សត្របានត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ស្រី ស៊ីណា ។ ការបញ្ចប់គោរមងារនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ស្រី ស៊ីណា ត្រូវបានឃាត់ខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជនរងគ្រោះចំនួន ២នាក់ ដែលជាគូដណ្តឹងនឹងគ្នា បណ្តាលឱ្យស្លាប់ និងមនុស្សពីរនាក់ផ្សេងទៀតរងរបួស។
ករណីបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជុំវិញករណីនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសពីរនាក់ផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធផងដែរ។
ដោយឡែកនៅល្ងាចថ្ងៃដដែលនោះ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា លោក ស្រី ស៊ីណា គ្រាន់តែមានគោរមងារជា “ឧកញ៉ា” ប៉ុន្តែមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជាទេ ហើយសមាគមក៏នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា នេះផងដែរ។
គួររំលឹកផងដែរថា គោរមងារជាឧកញ៉ានៅកម្ពុជា មាន៣ថ្នាក់ គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ បច្ចុប្បន្ន ដើម្បីទទួលបានគោរមងារជាឧកញ៉ា ដរាបណាបុគ្គលនោះ បានបរិច្ចាគថវិកាលើសកម្មភាពមនុស្សធម៌ជួយសង្គម ចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ខណៈមុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ គោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ នេះបើយោងតាមអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧៕