មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូប នៃក្រសួងមហាផ្ទៃ ត្រូវបានបន្ថយឋានន្តរស័ក្តិ មកនៅត្រឹមថ្នាក់ពលបាលត្រី ដោយសារខកខានមិនបានបំពេញការងារនៅអង្គភាពរយៈពេលយូរ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី រឿង រើន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
តែយ៉ាងណា ព្រះរាជក្រឹត្យនេះ ពុំបានបញ្ជាក់ពីមូលហេតុនៃ ការបន្ថយឋានន្តរស័ក្តិនេះទេ។
ប៉ុន្តែលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការបន្ថយឋានន្តរស័ក្តិនេះ ដោយសារលោក រឿង រើន ដែលគេស្គាល់ថា ជាមន្ត្រីនៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អវត្តមានពីការងាររយៈពេលយូរ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថ្មីៗ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក រឿង រើន ត្រូវបានក្រសួងមហាផ្ទៃចេញ ប្រកាសបញ្ចប់មុខតំណែងពីស្នងការរងទទួលផែនអន្តរាគមន៍ និងតម្រួតបទប ញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ប៉ុន្តែនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ លោក រឿង រើន ត្រូវបានអគ្គស្នងការនគរបាលជាតិចេញសេចក្តីស ម្រេចផ្ទេរភារកិច្ចពីមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារឲ្យមកបម្រើការ ងារនៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក។
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក យ៉ាំ ស៊ីងម៉ៅ ពីប្រធាននាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ក្រោយឡើងកាន់តំណែងមួយនេះបានរយៈពេលត្រឹមតែជាង១ខែ៕