សប្បុរសជន​​ចំនួន​​៨៦​​អង្គ​/រូប​​បរិច្ចាគ​​ថវិកា​​សរុប​​ជាង​​២​​លាន​​ដុល្លារ​​ ​កសាង​សមិទ្ធផល​នានា​​​នៅ​តាម​​វត្តអារាម​​​

សប្បុរសជន​ចំនួន​ ៨៦អង្គ​/រូប​ ​ទទួល​​បាន​​គ្រឿង​​ឥស្សរិយយស​​​ សម្រាប់​​ការ​​ចូល​​រួម​​​បរិច្ចាគ​ថ​វិ​​កា​​ផ្ទាល់​​ខ្លួន​សរុប​ជាង​ ២លាន​ដុល្លារ​អាមេរិក​ ជួយ​​កសាង​សមិទ្ធិ​ផល​នានា​ នៅ​តាម​វត្តអារាម​។​  

សប្បុរសជន​ចំនួន៨៦អង្គ​/រូប​​ ទទួល​បាន​គ្រឿងឥស្សរិយយស​ពី​រដ្ឋាភិបាល​ សម្រាប់​​ការ​​ចូល​​រួម​​បរិ​​ច្ចា​គ​ថវិកា​ផ្ទាល់ខ្លួន​សរុប​ចំនួន​ ២​ ០២៥​ ៧៧៨​ ដុល្លារ​​​អាមេរិក​ ជួយ​កសាង​សមិទ្ធផល​នានា​ នៅ​តាម​វត្តអារាម​ ក្នុង​ខេត្ត​ចំនួន៣​ គឺ​ខេត្តតាកែវ​ ខេត្ត​​កំ​​ពង់​ធំ​ និង​ខេត្ត​​ព្រះវិហារ​។​ នេះ​បើ​យោង​តាម​សៀវ​​ភៅ​រាជ​​កិច្ច​លេខ៤៧​ ត្រីមាស​ទី២​ ឆ្នាំ២០២៤​ ចេញផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​ កាលពី​ថ្ងៃ​​ទី០៤​ ខែមិថុនា​ ឆ្នាំ២០២៤​ ។​ 

នៅ​ទំព័រ​ ៦៤៣២​ និង​​៦៤៣៤​ ក្នុង​សៀវភៅ​រាជកិច្ច​​នេះ​ បាន​បង្ហាញថា​ ព្រះសង្ឃ​ និង​​​សប្បុរសជន​ ចំនួន​​១២អង្គ​/រូប​ ទទួល​​បាន​​មេដាយ​​ មុនី​សា​រា​ភ័​ណ្ឌ​ ថ្នាក់​​ធិប​ឌិន្​ទ​​ និង​​សប្បុរសជន​ចំនួន១៥រូប​ ទទួល​​បាន​​មេដាយ​​ មាស​ស្ថាបនា​ជាតិ​​។​ សប្បុរសជន​ទាំង​​២៧​​អង្គ​/រូប​​នេះ​ បាន​​​​បរិច្ចាគ​ធនធាន​​ផ្ទាល់​​ខ្លួន​​ សរុប​​ជា​​ទឹកប្រាក់​​ចំនួន​​​​ ១​ ៤០០​ ១០០​​ដុល្លារ​​ ចូល​​រួម​​ជួយ​​កសាង​​សមិទ្ធផល​​នានា​ នៅ​​វត្ត​​ក្រពើ​​ច័ន្ទ​រង្សី​ ភូមិ​ជន្លូស​ ឃុំ​ទួល​​គ្រើល​​ ស្រុក​​ប្រា​សា​ទ​បាល្​ល័ង​ ខេត្ត​​កំពង់​​ធំ​ នា​​ពេល​​​កន្លងមក​​។​​

នៅ​ទំព័រ​ ៦៤៣៦​ បានឱ្យ​ដឹង​ទៀត​​ថា​ ត្រូវ​បាន​បំពាក់​មេដាយ​ ស្ថាបនា​ជាតិ​ តាមលំដាប់​ថ្នាក់​ប្រគេន​ព្រះសង្ឃ​ និង​ជូន​សប្បុរសជន​ ចំនួន២២អង្គ​/រូប​ ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ សរុប​ជា​ទឹក​​ប្រាក់​ចំនួន​ ២៥៧​ ៧០០​ ដុល្លារ​អាមេរិក​ ចូល​​រួម​ជួយ​ជួសជុល​ព្រះវិហារ​ សាលា​ធម្មសភា​ និង​កសាង​សាលារៀន​ ទាំង២កម្រិត​ មហា​កុដិ​ បណ្ណាល័យ​ ខ្លោងទ្វារ​ និង​សមិទ្ធផល​នានា​ នៅ​វត្ត​សន្លុង​ ភូមិ​តា​ព្រះ​ ឃុំ​សន្លុង​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​​។​ ប្រភព​ដដែល​​បន្ត​ថា​​ ក្នុង​​ចំណោម​​សប្បុរសជន​ ​២២​​អង្គ​/រូប​នេះ​ មាន​​​១០​​អង្គ​/រូ​​ប​ ​ទទួល​​បាន​​មេដាយ​​ មាស​ស្ថាបនា​ជាតិ​​ ខណៈ​​​សប្បុរសជន​ ​១២​​​រូប​​ ទទួល​​​បាន​​​មេដាយ​​ ប្រាក់​​ស្ថាបនា​​ជាតិ​​។​​

ទំព័រ​ ៦៤៣៨​ បាន​បង្ហាញ​​ថា​ ត្រូវ​បាន​បំពាក់​មេដាយ​ មុនី​សា​រា​ភ័​ណ្ឌ​ ថ្នាក់​ អស្សឫទ្ធិ​ ជូន​​សប្បុរសជន​ចំនួន​ ៤រូប​ ដែល​បាន​បរិច្ចាគ​ ធនធាន​ផ្ទាល់ខ្លួន​ សរុប​ជា​ទឹកប្រាក់​ចំនួន​ ១២០​ ៣៥០ដុល្លារ​អាមេរិក​ ចូលរួម​ជួយ​កសាង​ព្រះវិហារ​ សាលា​ធម្មសភា​ ផ្លូវចូល​វត្ត​ កុដិ​ ឈាបនដ្ឋាន​ ស្រះ​​ទឹក​ និង​​សមិទ្ធផល​នានា​នៅ​វត្ត​ត្រើយ​ឃ្លោក​ ឃុំ​ដូងខ្ពស់​ ស្រុក​បូរីជលសារ​ ខេត្ត​​តាកែវ​ ។​ 

ដោយ​​ឡែក​​ទំព័រ​ ៦៤៤០​ បានឱ្យ​ដឹង​ថា​ ត្រូវ​បាន​បំពាក់​មេដាយ​ ស្ថាបនា​ជាតិ​ តាមលំដាប់​ថ្នាក់​ប្រគេន​ និង​ជូន​សប្បុរសជន​ ចំនួន៣៣អង្គ​/រូប​ ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ សរុប​ជា​ទឹកប្រាក់​ចំនួន​ ២៤៧​ ៦២៨​ ដុល្លារ​អាមេរិក​ ចូល​​រួម​​ជួយ​​កសាង​ព្រះវិហារ​ សាលា​ធម្មសភា​ ផ្លូវចូល​វត្ត​ កុដិ​ ឈាបនដ្ឋាន​ ស្រះទឹក​ និង​សមិទ្ធផល​នានា​ នៅ​វត្ត​ត្រើយ​ឃ្លោក​ ឃុំ​ដូងខ្ពស់​ ស្រុក​បូរីជលសារ​ ខេត្តតាកែវ​។​

សូម​បញ្ជាក់​ថា​ នៅក្នុង​សៀវភៅ​រាជកិច្ច​លេខ៤៧នេះ​ ក្រៅពី​ការ​ផ្ដល់​គ្រឿងឥស្សរិយយស​ ក៏​​នៅ​មាន​កត់ត្រា​អំពី​ ការតែងតាំង​ ការ​ដាក់​ឱ្យ​ចូលនិវត្តន៍​ ការ​ផ្តល់​គោរមងារ​ ការបែងចែក​ដីធ្លី​ ការបង្កើត​អង្គភាព​ថ្មី​ ការអនុញ្ញាត​បើក​អាជីវកម្ម​ ឯកសារ​រដ្ឋបាល​ និង​ការ​ដក​ឋានៈ​/ឋានន្តរស័ក្តិ​/ថ្នាក់​ មន្រ្តី​រាជការ​ផង​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​