ស្ត្រីម្នាក់ទៀតដែលតាមចោទថា ពាក់ព័ន្ធនឹងករណីឆបោកប្រាក់រាប់លានដុល្លារ ពីប្រជាពលរដ្ឋតាមរយៈគម្រោងទិញដី ផ្ទះ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់របស់ក្រុម ប៊្រីលាន ស៊ីធី វើលដ៏ ឯ.ក របស់លោកស្រី ឡេង ចាន់ណា ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនស្ត្រីដែលជាជនត្រូវចោទឈ្មោះ រ៉េត សុធីដា អាយុ៣២ឆ្នាំ ជាបណ្តោះអាសន្ន និងបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ក្រោយពីបានសួរចម្លើយ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ក៏ដូចជាពិចារណាគ្រប់ជ្រុងជ្រោយ។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា និងជនត្រូវចោទឈ្មោះ រ៉េត សុធីដា ឃើញថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ហើយថា កន្លងមកខ្លួនធ្លាប់ណែនាំមិត្តភក្តិឱ្យដាក់ប្រាក់ចូលក្នុងក្រុមហ៊ុននេះ ហើយទទួលបានផលប្រយោជន៍ជាប្រាក់មួយចំនួនពីការងារនេះ។ សេចក្តីប្រកាសព័ត៌មាន បន្ថែមថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មិនមែនជាជនរងគ្រោះឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១ ខែឧសភាបានបញ្ជាក់ថា ចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់មួយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ ហើយនគរបាលយុត្តិធម៌បាននាំខ្លួនស្ត្រីរូបនេះមកបង្ហាញខ្លួននៅចំពោះចៅក្រមស៊ើបសួរនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប៊្រីលានស៊ីធី វើលដ៍ ឯ.ក និងបក្ខពួក ២នាក់ទៀត ឈ្មោះ ចាន់ ឃីន និងឈ្មោះ ផុត សាមាន ដែលបុរសទាំង២ មានតួនាទីជាអគ្គនាយករងត្រូវបានតំ ណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន (ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់) តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងបទសម្អាតប្រាក់តាមបញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
លោកស្រី ឡេង ចាន់ណា និងបក្ខពួក រងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានឆបោកប្រាក់របស់ពួកគាត់រាប់លានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដែលទទួលបានការប្រាក់ខ្ពស់ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោក សាយ ឈុំ ដែលពេលនោះ គឺជាប្រ មុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា ត្រឹមតែ ២ថ្ងៃ បន្ទាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផ្អែកតាមបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីឆបោក៕