រដ្ឋាភិបាល សម្រេចធ្វើអនុប្បយោគផ្ទៃដីមួយកន្លែងទំហំ ៩៣ ២២៤ (កៅសិបបីពាន់ពីររយម្ភៃបួន) ម៉ែត្រការ៉េ របស់រដ្ឋបាលខេត្តកំពង់ចាម ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងផ្ទេរការកាន់កាប់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ជាម្ចាស់កម្មសិទ្ធិវិញ។
យោងតាមអនុក្រឹត្យលេខ៦៤អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ចេញផ្សាយក្នុងសៀវភៅរាជកិច្ចលេខ៣៨ និងត្រូវបានផ្សាយជាសាធារណៈ ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដីរដ្ឋទំហំជាង ៩ហិកតានេះ ត្រូវបានលុបចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ចាម និងផ្ទេរជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។ ឯកសារនេះ បន្ថែមថា បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។
ជុំវិញការធ្វើអនុប្បយោគដីរដ្ឋនេះ មន្ត្រីគណបក្សជំទាស់ និងអ្នកតាមដានសង្គមមួយចំនួន យល់ឃើញថា ការផ្ទេរកម្មសិទ្ធិកាន់កាប់ដីរដ្ឋទៅឱ្យគណបក្សនយោបាយណាមួយ មិនមានចែងនៅក្នុងច្បាប់ណាមួយទេ ហើយស្របពេលដែលរដ្ឋាភិបាលបច្ចុប្បន្ន គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដូច្នេះការធ្វើអនុប្បយោគដីរបស់រដ្ឋមួយនេះ មិនមែនជារឿងត្រឹមត្រូវឡើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន VOA កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
ជុំវិញការផ្សព្វផ្សាយនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ដីដែលរដ្ឋាភិបាល បានធ្វើអនុប្បយោគ និងផ្ទេរសិទ្ធិកាន់កាប់ទៅឱ្យគណបក្សប្រជាជនកម្ពុជានោះ គឺដើមឡើយជាកម្មសិទ្ធិរបស់គណបក្សនេះ។
សេចក្តីប្រកាសព័ត៌មានបានអះអាងថា៖ «ដីនេះ ដើមឡើយមានទំហំធំជាងនេះ និងជាកម្មសិទ្ធិរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម តាំងពីឆ្នាំ១៩៩៨ រហូតមក ដោយមានប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ៤ជំនាន់បន្តបន្ទាប់គ្នា កាន់កាប់ពុំដែលដាច់។ នៅឆ្នាំ២០១៧ មានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយនៅពេលនោះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ពុំបានផ្តល់ឯកសារមកក្រុមការងារវាស់វែងសម្រាប់ចុះបញ្ជីឡើយ ដោយមូលហេតុអ្នកកាន់ឯកសាររបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម មានបញ្ហាសុខភាព ជាហេតុធ្វើឱ្យក្រុមការងារវាស់វែងពុំបានដឹង និងយល់ច្រឡំថាដីនេះ ជាដីសាធារណរបស់រដ្ឋ។ ស្របពេលជាមួយគ្នា ដើម្បីការពាររក្សាដីនោះពីការទន្ទ្រានកាន់កាប់ពីជនមួយចំនួនផង ក្រុមការងារក៏បានសម្រេចធ្វើការវាស់វែង និងធ្វើការចុះបញ្ជីជាដីរដ្ឋក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង»។
ទោះយ៉ាងណា សេចក្តីប្រកាសព័ត៌មានបន្ថែមថា នៅឆ្នាំ២០២៣ តបតាមការស្នើសុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដោយមានឯកសារប្រវត្តិកាន់កាប់ដីច្បាស់លាស់ មន្ទីរដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត គណៈកម្មាធិការសុរិយោដីខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ បានពិនិត្យឃើញថា ពិតជាមានការភ័ន្តច្រឡំក្នុងការចុះបញ្ជីពិតមែន និងបានស្នើសុំទៅរដ្ឋាភិបាលផ្ទេរសិទ្ធិកាន់កាប់ដីទំហំ ៩៣ ២២៤ ម៉ែត្រការ៉េ នេះ មកជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមវិញ៕