រដ្ឋាភិបាលសម្រេចលុបឈ្មោះនាយទាហានថ្នាក់វរសេនីយ៍ឯក ១រូប ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារមិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទំព័រ៥៣៧៣ នៃសៀវភៅរាជកិច្ចលេខ៣៩ ដែលត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចលុបឈ្មោះលោកវរសេនីយ៍ឯក សុខ បានផល អត្តលេខ០៣៨១៥០ ជានាយទាហានរង់ចាំ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដោយសារនាយទាហានរូបនេះ មិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
អនុក្រឹត្យនេះ បានបញ្ជាក់ផងដែរថា ការសម្រេចលុបឈ្មោះនេះ គឺធ្វើឡើងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ បានផល ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន និងចោទប្រកាន់ចំនួន ៤ករណី បន្ទាប់ពីបានបើករថយន្តម៉ាកហ្ស៊ីបចូលទឹកដីថៃដោយគ្មានការអនុញ្ញាត៕