រដ្ឋាភិបាល សម្រេចបង្កើតសភាពាណិជ្ជកម្មនៅតាមខេត្តចំនួន១១ ដើម្បីធ្វើសកម្មភាពជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួន។
យោងតាមសៀវភៅរាជកិច្ចលេខ៣៨ ត្រីមាសទី២ ឆ្នាំ២០២៤ ចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីទំព័រ ៥១៩២ ដល់ ៥២១២ បានបង្ហាញថា រដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន១១ផ្សេងគ្នា បង្កើតសភាពាណិជ្ជកម្មនៅតាមខេត្តចំនួន១១ រួមមាន ខេត្តកំពត កែប កណ្តាល កំពង់ឆ្នាំង កំពង់ចាម មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង រតនគិរី កំពង់ធំ និងខេត្តព្រះវិហារ។
អនុក្រឹត្យដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងចុះកាលបរិច្ឆេទថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ដូចគ្នា បានឱ្យដឹងថា ការបង្កើតសភាពាណិជ្ជកម្មនៅតាមខេត្តទាំង១១នេះ គឺដើម្បីធ្វើសកម្មភាពជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខេត្តទាំងនោះ។
សភាពាណិជ្ជកម្មនៅតាមខេត្តនិមួយៗ មានសមាជិកជ្រើសតាំងចំនួន ១៥រូប ដែលជ្រើសរើសតាមការបោះឆ្នោត។ សភាពាណិជ្ជកម្មខេត្ត គ្រប់គ្រងដោយការិយាល័យមួយ ដឹកនាំដោយប្រធាន ១រូប និងអនុប្រធាន ១រូប ឬច្រើនរូប។
ឯកសារដដែលនេះ បញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មខេត្ត អាចបង្កើតគណៈកម្មការផ្សេងៗតាមការចាំបាច់ ដើម្បីអភិវឌ្ឍន៍ប្រភេទអាជីវកម្មនីមួយៗ ហើយសមាជិកទីប្រឹក្សារបស់សភាពាណិជ្ជកម្មខេត្តនិមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមសំណើរបស់ប្រធានសភាពាណិជ្ជកម្មខេត្តនីមួយៗ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាលនៃក្រសួងពាណិជ្ជកម្ម ដែលធ្វើសកម្មភាព ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួន៕