កូនស្រីមួយរូបរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសៀវភៅរាជកិច្ចលេខ៤២ បានឱ្យដឹងថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈលោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋលេខាធិការ។
លោកស្រី នេត ធីតាច័ន្ទធីម៉ា ធ្លាប់ជាទីប្រឹក្សាអមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើអគ្គនាយក ហើយដែលទើបត្រូវបានបញ្ចប់មុខតំណែងនេះ តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
លោកស្រី នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីទី២ របស់លោក នេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិ និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រីផ្នែកសន្តិសុខ ហើយក៏ជានាយករដ្ឋមន្ត្រីស្តីទី នៅពេលអវត្តមាននាយករដ្ឋមន្ត្រីនៅក្នុងប្រទេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក នេត សាវឿន គឺជាស្វាមីរបស់លោកស្រី ហ៊ុន គឹមឡេង ជាកូនស្រីរបស់លោក ហ៊ុន ណេង ។ លោកស្រីត្រូវជាក្មួយរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ និងក៏ត្រូវជាបងស្រីជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួន១០៤រូប ក្នុងនោះ៥៣រូបពុំទទួលប្រាក់បំណាច់មុខងារ។
ទីប្រឹក្សាទាំងនោះ មានសមាសភាពជាបណ្ឌិត អ្នកប្រវត្តិសាស្ត្រ អ្នកស្រាវជ្រាវ អ្នកជំនួញ សមាជិកសភា រដ្ឋលេខាធិការតាមបណ្តាក្រសួងមួយចំនួន និងអ្នកជំនាញផ្សេងៗ។ ទីប្រឹក្សា៧រូបមានឋានៈស្មើ ទេសរដ្ឋមន្ត្រី ៦៣រូបឋានៈស្មើ រដ្ឋមន្ត្រី ២៨រូបឋានៈស្មើ រដ្ឋលេខាធិការ និង៦រូបឋានៈស្មើអនុរដ្ឋលេខាធិការ៕