ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ៨រូប។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅដោយបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន កាលពីចុងសប្តាហ៍មុនបានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ( ផ្កាយ៤) ដល់នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ៨រូប។
តាមព្រះរាជក្រឹត្យដដែលនេះ បង្ហាញថា នាយទាហានថ្នាក់ឧត្តមសេនីយ៍ទាំង៨រូបនោះ រួមមាន លោក ហេង បូរិន, លោក សំរិទ្ធ ហ៊ុន, លោក ចាប វ៉ាន្នី, លោក មិន នីម, លោក ខឹមជា សាឃឿន, លោក ចាប ភក្តី, លោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន។
លោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន គឺជាសមមិត្តរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាប់ផ្តើមដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ នេះបើតាមអត្ថបទរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីខែឧសភា ឆ្នាំ២០២៣៕