អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល លោក ហ៊ុន សែន ប្រកាសលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មីនៅព្រឹទ្ធសភា។
លោក ហ៊ុន សែន បានដាក់លិខិតមួយច្បាប់ជូនលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា សុំលាឈប់ពីសមាជិករដ្ឋសភានីតិកាលទី៧ ដោយបញ្ជាក់មូលហេតុថា លោកត្រូវបំពេញភារកិច្ចថ្មី នេះបើយោងតាមលិខិតរបស់លោកចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយបណ្តាញព័ត៌មានក្នុងស្រុក។
ស្របពេលជាមួយគ្នានេះដែរ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានដាក់លិខិតចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយសុំលាឈប់ពីសមាជិករដ្ឋសភានីតិកាលទី៧នេះផងដែរ ដោយបញ្ជាក់ថា លោកត្រូវជាប់ទៅបំពេញភារកិច្ចថ្មី។ លោកទាំងពីរគឺ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជូនដំណឹងថា ព្រឹទ្ធសភានឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូងនីតិកាលទី៥ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខណៈលោក ហ៊ុន សែន គឺជាបេក្ខភាពសម្រាប់តំណែងប្រធានព្រឹទ្ធសភានៅអាណត្តិទី៥នេះ៕