រោងចក្រខ្នាតធំចំនួន២១ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ តាមរយៈប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ក្រុមហ៊ុនចំនួន២១ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការរោងចក្រ និងសាខារោងចក្រ សរុបចំនួន២១កន្លែង ក្នុងនោះមានរោងចក្រកាត់ដេរ និងដេរស្បែកជើងចំនួន១៣ រោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទចំនួន៣ រោងចក្រកែច្នៃដែកធន់ធ្ងន់ចំនួន១ រោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងចំនួន១ រោងចក្រផលិតក្តារកុងប្លាកេ និងក្តារបន្ទះចំនួន១ រោងចក្រផ្លុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទចំនួន១ រោងចក្រផលិតមី និងគុយទាវចំនួន១។ នេះបើយោងតាមសៀវភៅរាជកិច្ចលេខ៣៧ ត្រីមាសទី០២ ឆ្នាំ២០២៤ ចេញផ្សាយដោយទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ចាប់ពីទំព័រ ៥១០៤ ដល់ ៥១៦៤ ។
គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមម្ចាស់ក្រុមហ៊ុនខ្នាតធំទាំង២១នេះ មានម្ចាស់ភាគច្រើនជាជនជាតិចិន ចិនតៃវ៉ាន់ និងមានជនជាតិខ្មែរតែម្នាក់គត់។
ក្រៅពីការអនុញ្ញាតបើកអាជីវកម្ម សៀវភៅរាជកិច្ចដដែលនេះ ក៏បានចងក្រងឯកសារគតិយុត្តិជាច្រើនទៀត រួមមាន ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពីការតែងតាំង ការដំឡើងនិងដកហូតឋានៈ ការផ្តល់គ្រឿងឥស្សរិយយស ការបែងចែកថវិកា ការបញ្ចប់គោរមងារ និងមុខតំណែង ការបង្កើតអង្គភាពថ្មី ការដាក់ឱ្យចូលនិវត្តន៍ ឯកសាររដ្ឋបាល ផងដែរ។
អំឡុងសន្និបាតប្រចាំរបស់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២៣ ដែលក្នុងនោះ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើន ចំនួន១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់ដែល កំពុងដំណើរការទូទាំងប្រទេសមានចំនួន ២ ១២៥រោងចក្រ និងផ្តល់ការងារចំនួន ១ ០៤០ ៣៣៣កន្លែង។ ដោយឡែកទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤ភាគរយធៀបនឹងឆ្នាំ២០២២៕