ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ចេន ហ្ស៊ី (Chen Zhi) ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។
យោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ចេន ហ្ស៊ី ជាអ្នកជំនួញជនជាតិចិនដ៏លេចធ្លោម្នាក់ ដែលទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០១៤ និងមានគោរមងារជាអ្នកឧកញ៉ាផងដែរនោះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។ ការតែងតាំងនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោក ហ៊ុន សែន។
លោក ចេន ហ្ស៊ី ដែលរងការចោទថា ស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មចិន ជុំវិញឧក្រិដ្ឋកម្មល្បែងអនឡាញនិងការលាងលុយកខ្វក់នោះ គឺជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ដ៏មានឥទ្ធិពលនៅកម្ពុជា ដែលប្រតិបត្តិការអាជីវកម្មដោយការវិនិយោគលើវិស័យអចលទ្រព្យ ធនាគារ និងអាជីវកម្មផ្សេងៗទៀត។
កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២០ លោក ចេន ហ្ស៊ី ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ហេង សំរិន ដែលកាលនោះជាប្រធានរដ្ឋសភា នីតិកាលទី៦ និងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី។ កាលពីខែធ្នូ ឆ្នាំ២០១៩ លោក ចេន ហ្ស៊ី ក៏ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោក ស ខេង ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕