ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាចំនួន ៤៣រូប។
យោងតាមព្រះរាជក្រឹត្យនស/រកត/០៤២៤/៣៣៥ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន ៤៣រូប ត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដែលក្នុងនោះមាននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ១១រូប ថ្នាក់ឧត្តមសេនីយ៍ទោចំនួន ២០រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ១២រូប។
ឯកសារដដែល បញ្ជាក់ថា ការដាក់ឱ្យចូលនិវត្តន៍នេះ គឺធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ព្រះមហាក្សត្រ ទ្រង់ បានចេញព្រះរាជក្រឹត្យមួយដាក់ឱ្យមន្ត្រីថ្នាក់ឧត្តមសេនីយ៍ចំនួន ៣៥រូប ចូលនិវត្តន៍ ក្នុងនោះក៏មាននាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ផងដែរ៕