នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលថ្នាក់ជាតិនៃក្រសួងមហាផ្ទៃ ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ពលបាលត្រី។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទាំង២រូបនោះ រួមមាន ឧត្តមសេនីយឯក យិន គារ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ទោ សុខ សំបូរ ត្រូវបានបន្ថយឋានន្តរស័ក្តិឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី នេះបើយោងតាមព្រះរាជក្រឹត្យចំនួន ២ ដោយឡែកពីគ្នា ចុះកាលបរិច្ឆេទថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ និងចុះហត្ថលេខាដោយ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី។
មន្ត្រីនគរបាលជាច្រើនរូប ត្រូវបានបន្ថយ ដកហូតឋានន្តរស័ក្តិ ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចាប់តាំងពីមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា នឹងបណ្តេញភ្លាមៗនូវមន្ត្រី និងកងកម្លាំងប្រដាប់អាវុធរូបណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ហើយថា ការបោសសម្អាតគ្រឿងញៀននៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ នឹងត្រូវអនុវត្តមុនគេ យោងទៅតាមការចុះផ្សាយរបស់ វិទ្យុបារាំង RFI កាលពីខែធ្នូ៕