សប្បុរសជន និងមន្ត្រីរាជការជិត ៤០០នាក់ និងកងឯកភាពចំនួន១៣ ទទួលបានគ្រឿងឥស្សរិ យយសការដំឡើងថ្នាក់និងឋានន្តរស័ក្តិ និងការតែងតាំង។
យោងតាមសៀវភៅរាជកិច្ចលេខ២១ ត្រីមាសទី១ ឆ្នាំ២០២៤ ដែលចេញផ្សាយជាសាធារណៈ ដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា ក្នុងចំ ណោមសប្បុរសជន និងមន្ត្រីរាជការសរុបជិត ៤០០នាក់នេះ គឺមាន២៨៨នាក់ ទទួលបានការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ ខណៈ៤៩នាក់ ទទួលបានការតែងតាំង និង ៦១នាក់ទៀត ទទួលបានគ្រឿងឥស្សរិយយស។
សៀវភៅរាជកិច្ចដដែលនេះ ត្រង់ទំព័រ២៨៧៩ ទំព័រ២៩៥៨ និងទំព័រ២៩៦០ បង្ហាញថា ក្នុង ចំណោមមន្ត្រី ២៨៨រូប ដែលទទួលបានការដំឡើងថ្នាក់និងឋានន្តរស័ក្តិនោះ មានមន្ត្រីយោ ធាថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍សរុប ២៣រូប ត្រូវបានដំឡើងឋានន្តរស័ក្តិមុនចូលនិវត្ត ខណៈមន្ត្រីរាជការ ២៦៥រូបមកពីក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនិង ក្នុងក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានដំឡើងថ្នាក់និងឋានន្តរស័ក្តិតាមកម្រិតសញ្ញាបត្រ។
នៅទំព័រ២៩៤៣ ២៩៤៤ ២៩៤៥ នៃសៀវភៅរាជកិច្ចលេខ២១ បានឱ្យដឹងទៀតថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចំនួន៣ តែងតាំងឥស្សរជន៤រូប ក្នុងនោះមានលោក ហាប់ អូម៉ាលី ជាទីប្រឹក្សាលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ, លោកស្រី សុផាត មករា ជាទីប្រឹក្សាក្រសួងពាណិជ្ជ កម្មមានឋានៈស្មើ អគ្គនាយក និងផ្ដល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលដល់ឥស្សរជន២រូបទៀត រួមមាន លោក អ៊ុត ឈន មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និងលោក អ៊ឹម សួស្តី មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ចំណែក ទំព័រលេខ២៩៤៩ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកមួយទៀត តែងតាំងមុខតំណែង និងផ្ដល់ឋានៈ ដល់សមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាចំនួន១៩រូប តាមព្រះរាជក្រឹត្យ នស/រកត/១២២៣/២៥២៤ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។
ទំព័រ២៩៦៩ និង២៩៧២ និយាយអំពីការតាំងស៊ប់ទៅក្នុងឋានន្តរស័ក្ដិអនុមន្ត្រីនៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ដ្រី បច្ចេកទេសជាន់ខ្ពស់ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងតាំង ស៊ប់ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សរុប ២២រូប។
ចំណែកទំព័រ២៩៧១ និយាយពីការតែងតាំងមុខតំណែងជាអគ្គលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៤រូប។
លើសពីនេះ ក្នុងសៀវភៅរាជកិច្ចដដែឡ ក៏មានការប្រោសព្រះរាជទានគ្រឿងឥស្សរិយយស និងការបំពាក់មេដាយដល់មន្រ្តីរាជការ និងសប្បុរសជនចំនួន ៤៨រូប និង ១៣កងឯកភាពផងដែរ ដោយនៅទំព័រ ២៩៥៣ បង្ហាញថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចំនួន៣ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ មហាសេនា ដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សាបច្ចេកទេសនៃអង្គការ Vital Strategies ៣រូប។
ទំព័រ២៩៥៤ ទំព័រ២៩៥៥ និងទំព័រ២៩៥៦ និយាយអំពីការប្រោសព្រះរាជទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ដល់កងឯកភាព នៃក្រសួងការពារជាតិ ១៣កងឯកភាព និងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ១៦រូប ជូនមន្ត្រីរាជការនិងសប្បុរសជនចំនួន២៨រូប។
ចុងក្រោយ នៅទំព័រ២៩៨២ រាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យបំពាក់មេដាយ មុនីសារាភ័ណ្ឌ
ថ្នាក់ធិបឌិន្ទជូនលោក TRAN TUAN PHONG ដែលមានស្នាដៃល្អក្នុងការចូលរួមជួយកសាង អគារទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា នៅភូមិស្លាបតាអោន ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្តាល នាពេលកន្លងមក។
ក្រៅពីការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ ការតែងតាំង និងការប្រោសព្រះរាជទានគ្រឿងឥ ស្សរិយយសនៅក្នុងសៀវភៅរាជកិច្ចលេខ២១ ត្រីមាសទី១ ឆ្នាំ២០២៤ មានមាតិកាសំខាន់ៗ ជាច្រើនទៀត រួមមាន ការបញ្ចប់មុខតំណែង ការលើកលែងនិងបន្ធូរបន្ថយទោស ការដាក់ឱ្យ ចូលនិវត្តន៍ ការលះបង់សញ្ជាតិ ការបែងចែកថវិកា ការបង្កើតស្ថាប័នថ្មី ការអនុញ្ញាតបើកអាជីវកម្ម និងឯកសាររដ្ឋបាល។ល។
នៅក្នុងសៀវភៅរាជកិច្ចលេខ២១នេះ មានការដាក់បញ្ចូលនូវឯកសារគតិយុត្តចំនួន៣៣ ក្នុង នោះ មានព្រះរាជក្រឹត្យ ចំនួន១៩ អនុក្រឹត្យចំនួន០៦ សេចក្ដីសម្រេចចំនួន០៦ និងប្រកាស របស់បណ្ដាក្រសួងនានាចំនួន០៤៕