បុគ្គល ៣៧រូប ទទួលបានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា គិតចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣ នេះបើយោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ១ ដល់លេខ២៤ ត្រីមាស ទី១ ឆ្នាំ២០២៤។
យោងតាមព្រះរាជក្រឹត្យដែលចេញផ្សាយជាសាធារណៈដោយទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃ២៥ ខែមករា ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យចំនួន៣២ ត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នក ឧកញ៉ា និងឧកញ៉ាជូនបុគ្គលចំនួន ៣២រូប ក្នុងនោះមាន២៤រូប ទទួលបានគោរមងារជាអ្នកឧកញ៉ា និង៨ រូបទៀតទទួលបានគោរមងារជាឧកញ៉ា។ ការផ្តល់គោរមងារទាំងនេះ ត្រូវបានធ្វើទៅតាមសេចក្ដីក្រាបបង្គំ ទូលថ្វាយរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។ ប្រភពដដែលបន្តថា ក្នុងចំណោមអ្នកដែទទួលបានគោរមងារជាឧកញ៉ាទាំង៨ រូបនោះ រួមមាន លោក សោម បូវីន, លោក តែ វង្សឆាយ, លោក លី សុវណ្ណតារា, លោក តាន់ មុនីវណ្ណ, លោកស្រី សៀ អេសលី, លោក ឈាវ មុន្និន, លោកស្រី ម៉ីទិដ្ឋា និងលោកស្រី ឆាយ ចាន់ណា។
យោងតាមសៀវភៅរាជកិច្ចលេខ១០ ត្រីមាសទី១ ឆ្នាំ២០២៤ ចេញផ្សាយជាសាធារណៈដោយទីស្ដីការ គណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចំនួន ៥ផ្សេង ទៀតដែលចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ាដល់ឧកញ៉ាចំនួន៥រូប បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា គោរមងារឧកញ៉ាមាន៣ (បី)លំដាប់ថ្នាក់៖ លំដាប់ថ្នាក់ទី១ គឺ លោកឧកញ៉ា លំដាប់ ថ្នាក់ទី២ គឺអ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ គឺឧកញ៉ា។ នេះបើយោងតាមជំពូកទី៣ នៃព្រះរាជក្រឹត្យ នស/រកត/ ១០២៣ /២២៥០ ស្ដីពី គោរមងារឧកញ៉ា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ។
បុគ្គលដែលអាចទទួលបានគោរមងារឧកញ៉ាបានលុះត្រាតែបុគ្គលនោះមានគុណបំណាច់ ក្នុងការចូលរួម អភិវឌ្ឍន៍ និងកសាងជាតិ មានជាអាទិ៍ ការផ្ដល់អំណោយជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះ មានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម របកគំហើញ នូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។ ក្រៅពីលក្ខខណ្ឌដូចមានចែងក្នុងមាត្រា៨នៃព្រះរាជក្រឹត្យខាងលើនេះ រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែល ត្រូវផ្តល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្តិចំនួន៤៖ គឺមានប្រវត្តិរូបច្បាស់លាស់ មានកិរិយា មាយាទល្អ ពុំធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងត្រូវប្រកបមុខរបរស្របច្បាប់។ យោងមាត្រា៨ នៃព្រះរាជក្រឹត្យ នស/រកត/១០២៣/២២៥០ ស្ដីពី គោរមងារឧកញ៉ា។
គួររំលឹកផងដែរថា បច្ចុប្បន្ន ដើម្បីទទួលបានគោរមងារ «ឧកញ៉ា» បុគ្គលនោះត្រូវចូលរួមកសាង និងអភិវឌ្ឍន៏ប្រទេសជាតិដោយមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅ ខណៈមុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ គោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។ យោងអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧៕