សប្បុរសជន និងមន្រ្តីរាជការចំនួន ១៣៨៧ អង្គ/រូប ទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារ តាមលំដាប់ថ្នាក់ ខណៈមន្រ្តីរាជការចំនួន ១៣៦រូប ទទួលបានការតែងតាំង និងផ្ដល់ឋានៈ។
ក្នុងសៀវភៅរាជកិច្ចលេខ១៩ ត្រីមាសទី១ ឆ្នាំ២០២៤ ដែលចេញផ្សាយជាសាធារណៈដោយទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា មានសប្បុរសជន និងមន្រ្តីរាជការចំនួន ១៣៨៧ អង្គ/រូប ទទួលបានគ្រឿងឥស្សរិយយស និងមេដាយការងារតាមលំដាប់ថ្នាក់ តាមរយៈព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ និងអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល។
ទំព័រ ២៦៣៣ នៃសៀវភៅរាជកិច្ចលេខ១៩នេះ បានបង្ហាញថា ព្រះមហាក្សត្របានប្រោសព្រះរាជទាននូវ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ប្រគេនចំពោះព្រះធម្មវនវាសី សុន ចាន់វីរៈ (ដែលគេស្គាល់ថា ចន្ទ មុន្នី ) ព្រះរាជាគណៈកិត្តិយស តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៤២៨ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ព្រះធម្មវនវាសី សុន ចាន់វីរៈ ដែលគេស្គាល់ថា ព្រះធម្មវនវាសី ចន្ទ មុន្នី ជាចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) ស្ថិតនៅភូមិ ប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព្រះអង្គគឺជាព្រះសង្ឃមួយអង្គដែលមានឈ្មោះល្បី ដោយមានការគោរពបូជាពីពលរដ្ឋសាមញ្ញ រហូតដល់មន្រ្តីធំៗក្នុងជួរដ្ឋាភិបាល រួមទាំងអ្នកមុខអ្នកការជា ពិសេសអ្នកជំនួញ ឧកញ៉ាទៀតផង។
ជាមួយគ្នានេះ មានមន្រ្តីរាជការចំនួន ១៣៦រូប ក៏ទទួលបានការតែងតាំងមុខតំណែង និងផ្ដល់ឋានៈតាម រយៈព្រះរាជក្រឹត្យ ចំនួន១៦ អនុក្រឹត្យចំនួន១ និងសេចក្ដីសម្រេចចំនួន១។
ទំព័រសំខាន់ៗ ស្ដីអំពីការតែងតាំងនោះមាន ទំព័រ២៥៩៤ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចំនួន ២៤រូប ខណៈទំព័រ២៥៩៦ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយចំនួន ១៤រូប និងនៅទំព័រ២៥៩៨ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង មុខតំណែង និងផ្ដល់ឋានៈជាប្រធាន អនុប្រធាន សមាជិក អគ្គលេខាធិការ អគ្គលេខាធិការរង និងជាទីប្រឹក្សា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចំនួន៣១រូប ហើយនិងនៅមានទំព័របន្តបន្ទាប់ទៀត បាន បង្ហាញពីការតែងតាំង និងផ្ដល់ឋានៈដល់មន្រ្តីតាមរយៈព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្ដីសម្រេច។
ក្រៅពីឯកសារគតិយុត្តខាងលើ នៅក្នុងសៀវភៅរាជកិច្ចលេខ១៩នេះ ក៏មានឯកសារសំខាន់ៗផ្សេងទៀតផង ដែរដូចជា ព្រះរាជក្រឹត្យ ស្ដីពីការដំឡើងឋានន្តរស័ក្តិ/ថ្នាក់ ការបញ្ចប់មុខតំណែង ការផ្ដល់សញ្ជាតិ អនុក្រឹត្យ ស្ដីពីការបែងចែកថវិកា សេចក្ដីសម្រេចស្ដីពីការបង្កើតអង្គភាពថ្មី និងឯកសារគតិយុត្តសំខាន់ៗផ្សេងទៀត ដែរ។
ជាការកត់សម្គាល់ ក្នុងសៀវភៅរាជកិច្ចលេខ១៩នេះ ត្រូវបានចងក្រងដោយដាក់បញ្ចូលនូវឯកសារគតិយុត្ត ចំនួន៥២ ក្នុងនោះមានព្រះរាជក្រឹត្យចំនួន៣០ អនុក្រឹត្យចំនួន១៤ សេចក្ដីសម្រេចចំនួន៥ និងប្រកាសរបស់ បណ្ដាក្រសួងនានាចំនួន៣៕