ជនជាតិខ្មែរ៨នាក់ និងជនបរទេសម្នាក់ បោះបង់សញ្ជាតិខ្មែរ ខណៈជនបទេសចំនួន ៥នាក់ ដែលមានសញ្ជាតិដើមមកពី ៥ប្រទេសផ្សេងគ្នា ទទួលបានសញ្ជាតិខ្មែរ នេះបើយោងតាមសៀវភៅរាជកិច្ចដែលត្រូវបានចេញផ្សាយក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤។
យោងតាមសៀវភៅរាជកិច្ចពីលេខ១ ដល់លេខ២៤ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា មានបុគ្គលចំនួន ៩រូប បោះបង់សញ្ជាតិខ្មែរ ដែលក្នុងនោះមានជនជាតិខ្មែរ ៨នាក់ និងជនជាតិម៉ិកស៊ិកម្នាក់។ តាមព្រះរាជក្រឹត្យដែលចុះកាលបរិច្ឆេទចន្លោះពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣បានឲ្យដឹងទៀតថា ក្នុងចំណោមជនជាតិខ្មែរទាំង៨នាក់នោះ មាន៣នាក់ ជាសមាជិកគ្រួសារតែមួយ ដែលបច្ចុប្បន្នកំពុងរស់នៅសហព័ន្ធអាល្លឺម៉ង់ និង ៥នាក់ផ្សេងទៀត កំពុងរស់នៅប្រទេសហូឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធអាល្លឺម៉ង់ សាធារណរដ្ឋចិន និងសាធារណរដ្ឋប៊ុលហ្គារី។ ចំណែក ជនជាតិម៉ិកស៊ិកដែលលះបង់សញ្ជាតិខ្មែរនោះ កំពុងរស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
យោងតាមឯកសារដដែលនេះ ក៏បានបង្ហាញផងដែរថា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសចំនួន ៥នាក់ ដែលមានសញ្ជាតិដើមមកពី៥ប្រទេសផ្សេងគ្នា។
ក្នុងចំណោមជនបរទេសទាំង ៥រូបដែលទទួលបានសញ្ជាតិខ្មែរនេះ មានជនជាតិជប៉ុនម្នាក់ ជនជាតិកាមេរូនម្នាក់ ជនជាតិចិនម្នាក់ ជនជាតិគីញ (សញ្ជាតិដើមវៀតណាម)ម្នាក់ និងជនជាតិឥណ្ឌាម្នាក់ ដោយក្នុងនោះមានជនបរទេសមួយរូប ក្នុងចំណោមពួកគេបានប្តូរឈ្មោះរបស់ខ្លួន។
គួររំលឹកផងដែរថា សញ្ជាតិខ្មែរអាចត្រូវបានផ្តល់ឱ្យជនបរទេសដោយផ្អែកលើការស្នាក់នៅ ការវិនិយោគ ការបរិច្ចាគ ឬលក្ខណៈពិសេសផ្សេងទៀតយោងតាមច្បាប់ស្តីពីសញ្ជាតិ៕