លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ឡេង ចាន់ណា ត្រឹមតែពីរថ្ងៃ បន្ទាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផ្អែកតាមបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងករណីឆបោក។
យោងតាមព្រះរាជក្រឹត្យចុះកាលបរិច្ឆេទថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានបញ្ចប់គោរមងារឧកញ៉ាពីឧកញ៉ា ឡេង ចាន់ណា។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានជូនដំណឹងដល់បណ្តាញសារព័ត៌មាននិងសាធារណជនថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឃាត់ខ្លួនឧកញ៉ា ឡេង ចាន់ណា ជាអគ្គនាយកក្រុមហ៊ុនប៊្រីលានស៊ីធីវើលដ៍ ឯ.ក និងបក្សពួកផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធបទឆបោក រំលោភទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។
ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានឆបោកប្រាក់របស់ពួកគាត់រាប់លានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដែលទទួលបានការប្រាក់ខ្ពស់ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Fresh News កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីជូនដំណឹងមួយចុះកាលបរិច្ឆេទថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤និងបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឧកញ៉ា ឡេង ចាន់ណា នៅថ្ងៃដដែលនោះ ក្រុមហ៊ុនប៊្រីលានស៊ីធីបានជូនដំណឹងទៅអតិថិជនដែលរកស៊ីចងការប្រាក់ជាមួយបុគ្គលិកក្រុមហ៊ុនថា វិបត្តិសេដ្ឋកិច្ចសកលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរកស៊ី ហើយក្រុមហ៊ុនមិនអាចដំណើរការអាជីវកម្មទៅមុខទៀតបាន។
សេចក្តីជូនដំណឹងដដែលនេះបន្ថែមថា ដើម្បីបញ្ចប់បំណុលនិងដោះស្រាយបញ្ហាជូនអតិថិជនទាំងអស់ ក្រុមហ៊ុនសម្រេចយកដីដែលក្រុមហ៊ុនមានមកទូទាត់បំណុលរបស់អតិថិជនចងការប្រាក់ទាំងអស់ ដោយការកាត់ប្រាក់ដើមនិងការប្រាក់ជាមួយដី ដែលក្រុមហ៊ុនមានស្រាប់។
ស្របពេលដែលមានភាពចម្រូងចម្រាសនិងការរិះគន់ជាបន្តបន្ទាប់ចំពោះសកម្មភាពជំនួញមិនប្រក្រតីរបស់ឧកញ៉ាមួយចំនួន សមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស ហើយមិនគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលុប គឺជាអ្នកដែលខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូររបស់គោរមវន្ត ចូលរួមជួយកិច្ចការមនុស្សធម៌ ការវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សមាគមឧកញ៉ាកម្ពុជាក៏បញ្ជាក់ផងដែរថា ខ្លួនកំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជាឧកញ៉ាទៅប្រព្រឹត្តខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។
បុគ្គលចំនួន ២៤២រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារ ជាឧកញ៉ា និងអ្នកឧកញ៉ានៅក្នុងឆ្នាំ២០២៣ នេះយោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ១ ត្រីមាសទី១ ឆ្នាំ២០២៣ ដល់លេខ៩៦ នៃត្រីមាសទី៤ ឆ្នាំ២០២៣៕