ទណ្ឌិតចំនួន ២៤៥នាក់ ត្រូវបានបន្ធូរបន្ថយទោសចន្លោះពី ៣ខែ ទៅ១២ខែ ខណៈទណ្ឌិតម្នាក់ ត្រូវបានបន្ថយទោសមួយជីវិត មកនៅត្រឹម ៣០ឆ្នាំ ក្នុងឱកាសទិវាជ័យជម្នះ៧មករាឆ្នាំ២០២៤ ក្រោយពីពួកគេបានខិតខំកែប្រែខ្លួនបានល្អ ក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក ។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០១២៤/០២៥ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្នុងសៀវ ភៅរាជកិច្ចលេខ២៤ ត្រីមាសទី១ ឆ្នាំ២០២៤ ដែលចេញផ្សាយជាសាធារណៈដោយទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា ព្រះមហាក្សត្របាន ត្រាសបង្គាប់បន្ថយរយៈពេលទទួលរងទោសចំនួន៣ខែ ឱ្យទណ្ឌិតចំនួន ១៧៨នាក់ (ស្រី្ដ ១៨ នាក់) បន្ថយរយៈពេលទទួលរងទោសចំនួន ៦ខែ ឱ្យទណ្ឌិតចំនួន ៥៧នាក់ (ស្រី្ត ៩នាក់) និងបន្ថយរយៈពេលទទួលរងទោសចំនួន ៩ខែ ឱ្យទណ្ឌិតចំនួន ៨នាក់ (ស្រី្តម្នាក់)។
ព្រះរាជក្រឹត្យដដែល បន្តថា ព្រះមហាក្សត្រ បានត្រាសបង្គាប់បន្ថយរយៈ ពេលទទួលរងទោសចំនួន ១២ខែ ឱ្យទណ្ឌិតម្នាក់ឈ្មោះ ដា សុភ័ស្ត ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២០ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។ លើសពីនេះ ទណ្ឌិតម្នាក់ទៀត ឈ្មោះ គង់ គីម ភេទប្រុស អាយុ២២ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនា គារកំណត់អស់មួយជីវិត តាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តពោធិ៍សាត់ ក៏ត្រូវបានបន្ថយទោសមកនៅត្រឹម ៣០ឆ្នាំផងដែរ៕