អ្នកស្រី សេង ច័ន្ទដា ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពាក់ព័ន្ធនឹងគម្រោងប៉ុនប៉ងរំលោភសម្លាប់ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំឡុងខែមិថុនា ឆ្នាំ២០១០នោះ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ២២៧ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ របស់តុលាការកំពូល។
អ្នកស្រី សេង ច័ន្ទដា ជាអភរិយារបស់លោកឧកញ៉ា ខូវ ជឺលី ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១០ ដែលជាប់ចោទ ពីបទ រៀបចំគម្រោងប៉ុនប៉ងរំលោភសម្លាប់ភរិយារបស់លោក ស៊ុន ចាន់ថុល ដែលកាលនោះគឺជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អំឡុងខែកញ្ញា ឆ្នាំ២០១១ អ្នកស្រី សេង ច័ន្ទដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ រួមជាមួយមនុស្ស ៣នាក់ផ្សេងទៀតឈ្មោះ ចាន់ សុខា នាង ស៊ីណាត និងសុខ ឡាក់ ដែលអ្នកទាំង៣ ត្រូវបានតុលាការផ្តន្ទាទោសម្នាក់ៗ ១៨ឆ្នាំ ពាក់ព័ន្ធនឹងការរៀបគម្រោងប៉ុនប៉ងរំលោភនិងសម្លាប់លោកស្រី ស៊ុន សូត្ថា ជាភរិយារបស់លោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នគឺជាឧបកនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕