រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពីរ ដើម្បីសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី ផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនៅក្រុងសៀមរាប។
យោងតាមសេចក្តីសម្រេចលេខ១៧៧ សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងសៀវភៅរាជកិច្ចលេខ៨ ដែលចេញផ្សាយដោយរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរទៅក្រុងសៀមរាប។
គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពសរុប ៣៣រូប ដែលក្នុងនោះមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាអនុប្រធាន និងលោក ហ៊ីវ បញ្ញាវុឌ្ឍ អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន។
នៅក្នុងសេចក្តីសម្រេចដាច់ដោយឡែកមួយទៀតលេខ១៧៨ សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។
គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពសរុប ៣៥រូប ដែលមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាននិងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកនាំជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍។
គណៈកម្មការអន្តរក្រសួងទាំង២នេះ មានសមាសភាពសមាជិកមកពីក្រសួងនិងស្ថាប័ន ដូចជា ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ និងបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត និងមានភារកិច្ចពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងទម្រង់នៃការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាលឱ្យបានសម្រេចជាស្ថាពរ និងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល៕