រដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយរបស់ប្រទេសចិន។
យោងតាមសេចក្តីសម្រេចលេខ១៧៦ សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងសៀវភៅរាជកិច្ចលេខ ០៨ និងត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្ម ការអន្តរក្រសួងមួយ ដែលមានសមាសភាពថ្នាក់ដឹកនាំ និងសមាជិកសរុប ១៦រូប ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីសម្រេចដដែលនេះ បង្ហាញថា សមាសភាពទាំង ១៦រូបនោះ មកពីស្ថា ប័នពាក់ព័ន្ធមួយចំនួន ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលក្នុងនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាប្រធាន ចំណែកលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍។
គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ចប្រមូលទិន្នន័យបច្ចេកទេសទាក់ទិននឹងលក្ខណៈភូមិសាស្ត្រ ទីតាំងវត្ថុធាតុដើមសម្រាប់សាងសង់គម្រោង ប្រមូលទិន្នន័យស្តីពីតម្លៃឯកសារនៃគម្រោងផ្សេងៗ ពិនិត្យ និងស្រាវជ្រាវតម្លៃសម្ភារសំណង់លើទីផ្សារអន្តរជាតិ និងរៀបចំប៉ាន់ប្រមាណតម្លៃគម្រោងសាងសង់ជូនលោកឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានគណៈកម្មការចរចាថ្លៃ និងរៀបចំរបាយការណ៍ស្តីពីលទ្ធភាពចរចាថ្លៃជូនប្រមុខរដ្ឋាភិបាល។
គណៈកម្មការអន្តរក្រសួងនេះ អាចបង្កើតអនុគណៈកម្មការមួយចំនួន តាមការចាំបាច់ និងមានសិទ្ធិបង្កើតលេខាធិការដ្ឋានបច្ចេកទេសមួយ ដើម្បីជួយកិច្ចការរដ្ឋបាល បច្ចេកទេស ផែនការ ហិរញ្ញវត្ថុ និងការងារផ្សេងៗទៀត។ គណៈកម្មការអន្តរក្រសួងនេះ មានទីតាំងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕