រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីរដ្ឋទំហំ ១៩ ៨១៤ហិកតា ដើម្បីធ្វើអនុបយោគមក ជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងសហគមន៍ជនជាតិដើម ភាគតិចស្ថិតនៅក្នុងឃុំចំនួន៨ នៃខេត្តមណ្ឌលគិរី។
យោងទៅតាមអនុក្រឹត្យ លេខ៣២៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងសៀវភៅរាជកិច្ចលេខ៨ ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីកាល ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីរដ្ឋទំហំ ១៩ ៨១៤ ហិកតា ៧៨ អា ៤០សង់ទីអា ស្ថិតនៅភូមិចំនួន១៦ ក្នុងឃុំចំនួន៨ នៃស្រុកកែវសីមា ស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងដីដែលស្ថិតនៅក្រៅគម្របព្រៃឈើឆ្នាំ២០០២ គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយផ្ទៃដីជាង ១៩ ៨១៤ហិកតានេះ នឹងត្រូវធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ ដើម្បីផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងសហគមន៍ជនជាតិដើមភាគតិច។
នៅក្នុងអនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ផងដែរនោះ បានបញ្ជាក់លម្អិតថា ផ្ទៃដីខាងលើនេះត្រូវបានបែងចែកជា ៣ផ្នែកដែលក្នុងនោះ ស្រុកកែវសីមាមានឃុំចំនួន៤ ភូមិចំនួន៩ ដែលស្មើនឹងក្បាល ដីសរុប ១ ៨៦៩ ទំហំសុរបជាង ៥ ៤៩៦ ហិកតា ៧២អា ០៦សង់ទីអា ខណៈស្រុកកោះញែក មានឃុំចំនួន៣ ភូមិចំនួន៦ ស្មើនឹងក្បាលដីសរុប ៤ ៥៩៦ ទំហំសរុប ១៤ ៣១៧ ហិកតា ៩៦អា ៧០សង់ទីអា និងស្រុកពេជ្រាដា ឃុំពូជ្រៃ ភូមិពូជ្រៃចុងផាង ចំនួន ២ក្បាលដីទំហំ ០៩អា ៦៤ សង់ទីអា។
អនុក្រឹត្យដដែល បានបន្ថែមថា ផ្ទៃដី ទាំងនេះ នឹងត្រូវប្រគល់ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី ដើម្បីគ្រប់គ្រង និងចាត់ចែងស្របតាមនីតិវិធីជាធរមាន។
គួររំលឹកដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រដ្ឋាភិបាលបានកាត់ផ្ទៃដីទំហំជាង ១៨៩ ហិកតា ៧៤អា និង ៥៥សង់ទីអា ចេញពីដែនគម្របព្រៃឈើ ឆ្នាំ២០០២ និងកាត់ផ្ទៃដីទំហំជាង ៤០១ ហិកតា ៧២អា និង១៦សង់ទីអា ចេញពីសម្បទានដី សេដ្ឋកិច្ចក្រុមហ៊ុន ៧មករា ផារី ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើ ប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ស្ថិតក្នុងភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕