បុគ្គលចំនួន ២៤២រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារ ជាឧកញ៉ា និងអ្នកឧកញ៉ានៅក្នុងឆ្នាំ២០២៣ នេះយោងតាមសៀវភៅរាជកិច្ចចាប់ពីលេខ១ ត្រីមាសទី១ ឆ្នាំ២០២៣ ដល់លេខ៩៦ នៃត្រីមាសទី៤ ឆ្នាំ២០២៣។
យោងតាមសៀវភៅរាជកិច្ចដែលត្រូវបានចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃ២៦ ខែមិថុនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា ឥស្សរជននិងអ្នកជំនួញ ១៧២រូប ទទួលបានគោរមងារជាឧកញ៉ា ខណៈឥស្សរជន និងអ្នកជំនួញល្បីៗចំនួន ៧០រូបផ្សេងទៀត ទទួលបានការដំឡើងគោរមងារពីឧកញ៉ា ទៅជាអ្នកឧញ៉ា។
នៅក្នុងចំណោមអ្នកដែលទទួលបានគោរមងារអ្នកឧកញ៉ា មានដូចជាអ្នកឧកញ៉ា ផែ ហុកឈួន សមាជិកក្រុម ប្រឹក្សាភិបាល និងជាអនុប្រធានសមាគមឧញ៉ាកម្ពុជា ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន យី តាក់ គ្រុប ដែលជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជា និងអ្នកឧកញ៉ា ឡាញ់ ភារ៉ា នាយកក្រុមហ៊ុន Green Cambodian Property និងក្រុមហ៊ុន Construction Group។ គេឃើញមាន អ្នកឧកញ៉ាល្បីៗជាច្រើនទៀត ដូចជាអ្នកឧកញ៉ា ពុង ឃាវសែ អ្នកឧកញ៉ា រតនៈ សម្បត្តិ អ្នកឧកញ៉ា តាំង ហ្កិចលៀង ។
អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកវិនិយោគដ៏មានឥទ្ធិពល និងរឹងមាំបំផុតអស់ជាច្រើនទស្សវត្សនៅក្នុង ពិភពជំនួញ ដែលបានបោះទុនវិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជា។ អ្នកឧកញ៉ា ពុង ឃាវសែ ជាអគ្គនាយក ក្រុមហ៊ុនវិនិយោគទុនអានិកជននៅកម្ពុជា (OCIC) ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយធនាគារកា ណាឌីយ៉ា ប្រធានសមាគមអ្នកសាងសង់កម្ពុជា ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមខ្មែរ-ចិន និងមានតួនាទីជាច្រើនទៀត។
កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ ទទួលបានសិទ្ធិពីរដ្ឋាភិបាល ក្នុងការសាងសង់អាកាសយានដ្ឋានអន្ត រជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវផងដែរ។ អ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា តាមរយៈព្រះរាជ ក្រឹត្យលេខ នស/រកត/០៧៧៧ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។
អ្នកឧកញ៉ា រតនៈ សម្បត្តិ ជាពាណិជ្ជករខ្មែរម្នាក់ ដែលរកស៊ីក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ បដិសណ្ឋាកិច្ច និងអចលនទ្រព្យ មានភាពលេចធ្លោក្នុងខេត្តព្រះសីហនុ។ ជាប្រធានក្រុមហ៊ុន Kong Pong Devaresort, The Rich Resort, ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី និងភោជនីយដ្ឋានម្លប់ជ្រៃប៉ោកីខេត្តព្រះសី ហនុ។ អ្នកឧកញ៉ា រតនៈ សម្បត្តិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា តាមរយៈ ព្រះរាជក្រឹត្យលេខ នស/រកត/១៧៥០ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ។
អ្នកឧកញ៉ា តាំង ហ្កិចលៀង ជាប្រធានក្រុមហ៊ុន H&L Group Co.,LTD និងជាប្រធាន ក្លិបស្ត្រីកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយវិបត្តិគ្រួសារ។ ក្រៅពីកិច្ចការជំនួញ
អ្នកឧកញ៉ា តាំង ហ្កិចលៀង ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ជាវាគ្មិនដ៏ល្បី និងជាអ្នកបង្កើត មាតិកាអប់រំតាមបណ្ដាញសង្គមទៀតផង ដែលការនេះ បានធ្វើឱ្យសាធារណជនមួយចំនួនផ្ទុះកំហឹង ដោយបានចោទប្រកាន់ថា អ្នកឧកញ៉ា តាំង ហ្កិចលៀង បាននិយាយក្នុងន័យមើលងាយអ្នកក្ររហូតដល់ មានអន្តរាគមន៍ពីអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដោយតម្រូវឱ្យអ្នកឧកញ៉ារូបនេះ ចេញសារសុំទោស ជាសារធារណៈ។
អ្នកឧកញ៉ា តាំង ហ្កិចលៀង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០៩២ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។ អ្នកឧកញ៉ា តាំង ហ្កិចលៀង ជាភរិយារបស់ អ្នកឧកញ៉ា អ៊ឹង លីហេង។ ឧកញ៉ា អ៊ឹង លីហេង ក៏ត្រូវបានព្រះម ហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០៣៩ ចុះថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ ឧកញ៉ានៅកម្ពុជាអាចកើនដល់ទៅជាង ១ ៥០០នាក់ ហើយ៕